អ្នកឧកញ៉ា សៀ ឫទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជា ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងពិធីបើកកម្មវិធី CAMBODIA HR SUMMIT 2024 និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង MR Training & Jobs Center Co., Ltd. និង Sequoja Group នៃប្រទេសសិង្ហបុរី នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី រាជធានីភ្នំពេញ។

ពិធីបើកកម្មវិធី CAMBODIA HR SUMMIT 2024 ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីសំណាក់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់សុទ្ទរកថាគន្លឹះ ទៅកាន់អង្គពិធីក្រោមប្រធានបទ «ជំរុញការអភិវឌ្ឍន៍មូលធនមនុស្ស ជាមូលដ្ឋានគ្រឹះសម្រាប់ការរីកចម្រើនប្រកបដោយចីរភាព និងហេតុអ្វីបានជាការគ្រប់គ្រងទេពកោសល្យមានសារៈសំខាន់» ដោយឯកឧត្តមបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណាត្តិទី ៧ ធនធានមនុស្សគឺជាអាទិភាពចម្បងទី១ ក្នុងយុទ្ធសាស្ត្របញ្ចាកោណ ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមបានបន្ថែមថា ធនធានមនុស្សគឺជាសសរទ្រូងនៃប្រទេសជាតិ និងដើរតួយ៉ាងសំខាន់ក្នុងការចូលរួមបង្ហាញសមត្ថភាព បង្កើតនិងបង្កើនអ្វីថ្មីៗដើម្បីប្រកួតប្រជែងក្នុងតំបន់ និងលើសកលលោក។
សូមជម្រាបថា កម្មវិធី CAMBODIA HR SUMMIT 2024 ធ្វើឡើងដើម្បីមានជំនួបជួបជុំរវាង ថ្នាក់ដឹកនាំផ្នែកបុគ្គលិក (HR) ពីបណ្តាក្រុមហ៊ុន ថ្នាក់ដឹកនាំក្រុមហ៊ុន និងម្ចាស់អាជីវកម្ម ដើម្បីចូលរួមពិភាក្សាពីប្រធានបទសំខាន់ៗដូចជា៖ ១.ការកសាងស្ថាប័នឱ្យមានការចូលរួម អាចទទួលបានសមិទ្ធផលខ្ពស់, ២.ការរៀបចំចាត់ចែងបុគ្គលិក, ៣.ការអភិវឌ្ឍធនធានមនុស្សក្នុងសម័យឌីជីថល និង ៤.របៀបរៀបចំផែនការអភិវឌ្ឍថ្នាក់ដឹកនាំបន្តវេន សម្រាប់ពេលអនាគត៕




