ឧកញ៉ា តាំង លាក់ហាវ ស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងស្រុកបាទី ខេត្តតាកែវ លើផ្ទៃដី ៣២ហិកតា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តាំង លាក់ហាវ ប្រធានសមាគមពាណិជ្ជកម្មចិន ឆាវសាន (ចិន-កម្ពុជា) នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ បានស្នើសុំការគាំទ្រ និងជួយសម្របសម្រួលពីអាជ្ញាធខេត្តតាកែវ ចំពោះគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងស្រុកបាទី ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបពិភាក្សាការងារនៅសាលាខេត្តតាកែវ នៅរសៀលនេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងស្រុកបាទី ដែលសមាគមបានលើកឡើង។ 

លោកអភិបាលខេត្តបានថ្លែងថា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅលើទឹកដីខេត្តតាកែវ នឹងជួយបង្កើតការងារកាន់តែច្រើនថែមទៀត ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ពិសេសគឺជួយកាត់បន្ថយការធ្វើចំណាកស្រុក និងលើកស្ទួយសេដ្ឋកិច្ច គ្រួសាររបស់បងប្អូនប្រជាពលរដ្ឋយើងកាន់តែប្រសើរឡើង ដូច្នេះអាជ្ញាធខេត្តនឹងជួយសម្របសម្រួលនិតិវិធីគ្រប់បែបយ៉ាងដល់អ្នកវិនិយោគទុនដែលចូលមកវិនិយោគដោយស្របច្បាប់នៅក្នុងខេត្តតាកែវ។

នៅក្នុងជំនួបសម្ដែងការគួរសមនេះដែរ លោកឧកញ៉ា តាំង លាក់ហាវ បានសម្ដែងការអបរអសាទរចំពោះលោក វ៉ី សំណាង ដែលត្រូវបានតែងតាំងជាអភិបាលខេត្តតាកែវ កាលពីពេលថ្មីៗកន្លងទៅនេះ។

ជាមួយគ្នានេះ លោកឧកញ៉ាបានស្នើសុំឲ្យអភិបាលខេត្តតាកែវ ជួយសម្របសម្របសម្រួលដល់សមាគម ក្នុងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងស្រុកបាទី លើផ្ទៃដី ៣២ហិតា ហើយលោកបានសន្យាថា នឹងប្រឹងប្រែងធ្វើការកៀរគរអ្នកវិនិយោគឲ្យមកបើករោងចក្រ កាន់តែច្រើនថែមទៀត នៅលើទឹកដីខេត្តតាកែវដើម្បីបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋកាន់តែច្រើនឡើង។

សូមជម្រាបថា ក្នុងជំនួបសម្តែងការគួរសមនេះដែរ ក្នុងនាមតំណាងសមាគមពាណិជ្ជកម្មចិនឆាវសាន (ចិន-កម្ពុជា) លោកឧកញ៉ា តាំង លាក់ហាវ បានចែករំលែកធនធានរបស់ខ្លួន ជួយដល់រដ្ឋបាលខេត្តតាកែវ រួមមាន:  អង្ករ ១០តោន ទឹកបរិសុទ្ធ ៥០០កេស, ថវិកាចំនួន ១០លានរៀលផងដែរ ដើម្បីរដ្ឋបាលខេត្តយកទៅប្រើប្រាស់តាមការចាំបាច់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕