ក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វីរៈ សហការជាមួយក្រុមហ៊ុនយ៉ាម៉ាតុហ្រ្គីន ដើម្បីជួយលើកកម្ពស់​ទីផ្សារបន្លែធម្មជាតិរបស់ខ្មែរ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ បាន​ប្រកាស​ចុះ​កិច្ចសហការ​គ្នា​ជាមួយ​ ក្រុមហ៊ុន យ៉ាម៉ាតុហ្រ្គីន ជាផ្លូវការ ដើម្បីជួយលើកកម្ពស់​ទីផ្សារបន្លែធម្មជាតិ​របស់ខ្មែរ និងរួមចំណែកលើកកម្ពស់​វិស័យ​កសិកម្ម​​នៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូន​ឈានមុខគេមួយ​នៅកម្ពុជា ​​បាន​លើកឡើង​លើទំព័រហ្វេសប៊ុក នៅ​រសៀល​នេះ​យ៉ាងដូច្នេះថា៖ “ជំហ៊ានថ្មីលើវិស័យកសិកម្មបន្លែធម្មជាតិ ដើម្បីបំពេញតម្រូវការក្នុងស្រុក កាត់​បន្ថយការនាំចូល និងអាចជួយដល់កសិករក្នុងការដាំបន្លែប្រកបដោយសុវត្តិភាព និងទិន្នផលខ្ពស់។ ជាមួយ​កិច្ច​សហការរវាង ក្រុមហ៊ុន វីរៈ ប៊ុនថាំ និង ក្រុមហ៊ុនយ៉ាម៉ាតុហ្រ្គីន ជាផ្លូវការ ក្នុងថ្ងៃនេះ យើងសង្ឃឹមយ៉ាង​មុតមាំថា​ យ៉ាម៉ាតុហ្រ្គីន នឹងនាំមកនូវបច្ចេកវិទ្យា ចំណេះដឹងក្នុងការដាំដុះ និងការគ្រប់គ្រងគុណភាព ជាមួយការដឹកជញ្ជូន​ដ៏សម្បូរបែបជូនទៅដល់អតិថិជន និងបញ្ជូនទៅដល់ទីតាំងរបស់អតិថិជន ជាមួយរថយន្តត្រជាក់​ ដែលធានាបាន​នូវគុណភាពបន្លែក្នុងពេលឆាប់ៗនេះ”។

អ្នកឧកញ៉ា សួរ វីរៈ បានបន្ថែមថា អតិថិជនដែលស្រលាញ់សុខភាពអាចកម្ម៉ង់បន្លែធម្មជាតិផ្ទាល់ ពី​ក្រុមហ៊ុន វីរៈ ប៊ុនថាំ និងស្វែងរកគ្រប់ទីតាំងផ្សារទំនើប និងផ្សារបន្លែធម្មជាតិនានាទូទាំងប្រទេសកម្ពុជា។ វីរ:ប៊ុនថាំបន្លែ​ធម្មជាតិ ដើម្បីសេដ្ឋកិច្ចជាតិ ដើម្បីកសិករកម្ពុជា និងដើម្បីវិស័យកសិកម្មកម្ពុជា។

គួររំឭកថា កាលខែមេសា ឆ្នាំ២០២៤ អ្នកឧកញ៉ា សួរ វីរៈ បានជួបជុំបងប្អូនប្រជាសហគម ម្ចាស់ផ្ទះសំណាញ់​ដាំបន្លែ Green House ប្រមាណជាង ៤០០នាក់ នៅភូមិត្រពាំងចក ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីអបអរ​សង្ក្រាន្តចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបញ្ជាក់បន្ថែមថា អ្នកឧកញ៉ា ក៏កំពុងតែធ្វើការងាររួមគ្នា ជាមួយបងប្អូនប្រជាសហគមដាំបន្លែ នៅភូមិត្រពាំងចក ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីជួយរកប្រភពបញ្ហា និងដំណោះស្រាយ ជូនពួកគាត់ ហើយនឹងដាក់ចេញនូវផែនការ​សកម្មភាព​មួយចំនួនក្នុងពេលឆាប់ៗនេះ ដើម្បីជាក្ដីសង្ឃឹមថ្មី ជូនបងប្អូនប្រជាសហគមដាំបន្លែនៅទីនោះផងដែរ៕