ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ខេមបូឌា (Toyota Tsusho Manufacturing Cambodia Co., Ltd) កាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានប្រគល់អំណោយរថយន្តស៊េរីថ្មីម៉ាក Toyota Hilux Revo Rally និង Toyota Fortuner ចំនួន ៣គ្រឿង ដែលដំឡើងនៅក្នុងប្រទេសកម្ពុជាលើកដំបូង ជូនដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ពិធីប្រគល់នេះធ្វើឡើងដោយមានការចូលរួមពី លោកឧកញ៉ា គង់ នួន និងបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ខេមបូឌា និងតំណាងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី។ លោក មែ ស៊ីថន តំណាងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចធិបតី បានសម្តែងនូវការពេញចិត្តចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន Toyota ក្នុងការបើកដំណើរការរោងចក្រដំឡើង រថយន្តនៅកម្ពុជា និងបានថ្លែងអំណរគុណក្រុមហ៊ុន Toyota ដែលផ្តល់អំណោយជារថយន្តទាំង៣គ្រឿង ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលនេះពិតជាបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Toyota ក្នុងការពង្រឹងភាព ជាដៃគូជាមួយរាជរដ្ឋាភិបាល និងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។
ជាមួយគ្នានេះដែរ លោកឧកញ៉ា គង់ នួន ក្នុងនាមតំណាងក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) បានសម្តែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងបានផ្តល់ការគាំទ្រ ឥតឈប់ឈរដល់ ក្រុមហ៊ុន Toyota កន្លងមក និងបានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនលើការចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍរយៈពេលវែង ក៏ដូចជាការលើកកម្ពស់វិស័យយានយន្តនៅកម្ពុជា ព្រមទាំងជំរុញកំណើនប្រកបដោយចីរភាពក្នុងតំបន់។
សូមជម្រាបថា ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ គ្រុប (Toyota Tsusho Corporation) បានបើកសម្ពោធក្រុមហ៊ុន Toyota នៅកម្ពុជា កាលពីថ្ងៃទី២ ខែឧសភា គឺជាសមិទ្ធផលមួយដែលកម្ពុជាទទួលបាន បន្ទាប់ពីមានការផ្លាស់ប្តូរថ្នាក់ដឹកនាំពីជំនាន់ចាស់ ទៅថ្នាក់ជំនាន់ថ្មី ដែលបានប្រព្រឹត្តទៅត្រឹមត្រូវ ហើយមិនមានចលាចល ឬការប្រែប្រួល ផ្ទុយទៅវិញគឺមានដំណើរការអភិវឌ្ឍស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចនៅដំណើរការល្អប្រសើរ។
លោកឧកញ៉ា គង់ នួន បានលើកឡើងថា ការសម្ពោធរោងចក្រឱ្យដំណើរការដំឡើងរថយន្តនៅកម្ពុជានេះ គឺជាមោទនភាពមួយទៀតសម្រាប់កម្ពុជា ពីព្រោះឡានផលិតនៅកម្ពុជានេះ គឺនឹងដាក់លេខកូដនៅលើស៉ាក់ស៊ីបញ្ជាក់ថា «ផលិតនៅកម្ពុជា» តែម្តងផងដែរ៕