ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិកបុរី វិមានសំណាង និងជាប្រធាន KW Cambodia បានប្រកាសជ្រើសរើសតំណែងនាយកប្រតិបត្តិ (CEO) ថ្មី របស់ KW Cambodia ដោយពុំមានប្រាក់ខែ ប៉ុន្តែអាចទទួលបានភាគហ៊ុន រួមទាំងផលប្រយោជន៍ជាច្រើនទៀត។
លោកឧកញ៉ា អគ្គនាយកបុរី វិមានសំណាង បានលើកឡើងថា KW Cambodia មានប្រភពមកពីទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក ដែលរូបលោកបាននាំចូលមកកម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនងផ្នែកអចលនទ្រព្យ និងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា។
ចំពោះលក្ខខ័ណ្ឌជ្រើសរើស CEO ថ្មីរបស់ KW Cambodia ខាងលើនេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា មានចំណុចពិសេសចំនួន៣គឺ៖ ១.មានសញ្ជាតិខ្មែរ និងធ្លាប់ទទួលការអប់រំនៅប្រទេសជឿនលឿន, ២.អាយុពី ៣០ ដល់ ៤០ឆ្នាំ ចេះភាសាខ្មែរ អង់គ្លេស ចិន និង ៣.មានចំណេះដឹងផ្នែកផ្សារហ៊ុន សេដ្ឋកិច្ច និងពាណិជ្ជកម្មអាស៊ាន។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា CEO របស់ KW Cambodia គឺជាតំណែងធំទីពីរ បន្ទាប់ពីរូបលោក ដោយត្រូវធ្វើការងារច្រើនទាំងក្នុងស្រុក និងក្រៅស្រុក ហើយអត់មានប្រាក់ខែទេ តែអាចទទួលបានភាគហ៊ុនផ្លូវការ របស់ KW Cambodia និងផលប្រយោជន៍ជាច្រើនទៀត។
សូមជម្រាបជូនថា KW Cambodia គឺជាអាជីវកម្មមួយ ដែលលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានចុះហត្ថលេខាផ្តាច់មុខ រយៈពេល២០ឆ្នាំ បូក២០ឆ្នាំ ស្មើនឹង៤០ឆ្នាំ ហើយលោកបាននាំយកក្រុមហ៊ុនរបស់អាមេរិកមួយនេះមកកម្ពុជា តាំងពីឆ្នាំ២០១៨។ KW Cambodia មកពីពាក្យពេញ Keller Williams Cambodia ដែលក្រុមហ៊ុនអាមេរិក Keller Williams Realty International បង្កើតឡើងដំបូង កាលឆ្នាំ១៩៨៣ ជាក្រុមហ៊ុនអចលនទ្រព្យ ប៉ុន្តែក្រោយមក ក្រុមហ៊ុននេះបានកែប្រែពីក្រុមហ៊ុនអចលនទ្រព្យ ទៅជាក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកអចលនទ្រព្យវិញ។ Keller Williams Realty មាននៅលើ ៥៥ប្រទេស ៥ទ្វីប ៣២៥ស្នាក់ការ និងមានក្រុមការងារជិត ២សែននាក់ នៅទូទាំងពិភពលោក៕