សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ បានប្រកាសបង្កើតនូវ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងកៀរគរនូវថវិកាបន្ថែម សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា តាមបណ្តោយព្រំដែន ព្រមទាំងដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅប្រទេស បានរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិ។

បន្ទាប់ពីការប្រកាសបង្កើតមូលនិធិខាងលើនេះឡើង មានសប្បុរសជនពីគ្រប់មជ្ឈដ្ឋានបានបរិច្ចាគថវិកាជាហូរហែរ រួមមានទាំង ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ន ព្រមទាំង លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាៗ វិស័យឯកជនជាច្រើនផងដែរ។ ជាមួយគ្នានេះ គិតនៅត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ គេឃើញមានក្រុមហ៊ុនយក្សធំៗចំនួន ៥ ដែលមានស្ថាបនិកសុទ្ធសឹងតែជាជនជាតិខ្មែរ បានចូលរួមបរិច្ចាគថវិកាច្រើនជាងគេ រួមមាន៖
១. ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលមាន លោកអ្នកឧកញ៉ា ភាព ហៀក លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ជាសហស្ថាបនិក បានបរិច្ចាគចំនួន ១លានដុល្លារអាមេរិក

២. ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលមាន អ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាអនុប្រធានក្រុមប្រឹក្សាភិបាល បានបរិច្ចាគចំនួន ១លានដុល្លារអាមេរិក

៣. ក្រុមហ៊ុន ទ្រីភាព គ្រុប ដែលមាន លោកអ្នកឧកញ៉ា ទ្រី ភាព ជាអគ្គនាយកក្រុមហ៊ុន និងអ្នកឧកញ៉ា គៀន ស្រីនាង បានចូលរួមបរិច្ចាគចំនួន ១លាន២សែនដុល្លារអាមេរិក

៤. ក្រុមហ៊ុន អិលវ៉ាយភី គ្រុប ដែលមាន លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានក្រុមប្រឹក្សាភិបាល និងលោកជំទាវអ្នកឧកញ៉ា គីម ហ៊ាង បានចូលរួមបរិច្ចាគចំនួន ១លានដុល្លារអាមេរិក

៥. ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលមាន លោកអ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាល បានចូលរួមបរិច្ចាគចំនួន ១លានដុល្លារអាមេរិក

ទោះយ៉ាងណា គេរំពឹងថានឹងមានក្រុមហ៊ុនធំៗជាបន្តបន្ទាប់ទៀត នឹងចូលរួមបរិច្ចាគថវិកាក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដើម្បីចូលរួមក្នុងការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
សម្រាប់លោកអ្នកចង់ចូលរួមតាមរយៈសាច់ប្រាក់ គឺអាចចូលរួមតាម លោក សេង ទៀង នាយករងខុទ្ទកាល័យ សម្តេចធិបតីនាយករដ្ឋមន្ត្រី ទូរស័ព្ទលេខ 012 961 971តាមរយៈទីតាំងនៅទីស្តីការគណៈរដ្ឋមន្ត្រី “អគារជាប់ផ្លូវកម្ពុជាក្រោម បន្ទប់លេខ ២០៦ ជាន់ទី២” ឬអាចបរិច្ចាគតាមរយៈគណនីធនាគារឈ្មោះ៖ «Foundation for Border Infrastructure Development»៕
