ចម្ការចេករបស់ អ្នកឧកញ៉ា ហេង ឡុង អ្នកជំនួញដ៏លេចធ្លោក្នុងវិស័យកសិកម្ម បានផ្ដល់ឱកាសការងារជាង ៧០០០កន្លែង និងបានបើកប្រាក់ខែដល់បុគ្គលិកសរុបជាង ២,៦លានដុល្លារ ដែលជាការជំរុញសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងតំបន់។ នេះបើតាមការឱ្យដឹងពី លោក កែវ រតនៈ នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។

ក្នុងពេលចុះទស្សនកិច្ចសិក្សានៅចម្ការចេករបស់អ្នកឧកញ៉ា ហេង ឡុង លោក កែវ រតនៈ រដ្ឋមន្រ្ដីក្រសួង រ៉ែ និងថាមពល បានឱ្យដឹងថា ចេកនៅខេត្ដកំពង់ចាមត្រូវបានពេញនិយមនាំចេញយ៉ាងច្រើនទៅកាន់ប្រទេសជប៉ុន និងប្រទេសចិន។ ក្នុងនោះ សម្រាប់ក្រុមហ៊ុន ឧកញ៉ា ហេង ឡុង បានផ្ដល់ការងារដោយផ្ទាល់ចំនួនជាង ៧០០០កន្លែង ដោយគិតជាប្រាក់ខែជាង ២,៦លានដុល្លារ ជាការជួយសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងស្រុកយ៉ាងច្រើន។
ទន្ទឹមនឹងបញ្ហានេះ សម្រាប់វិស័យកសិកម្ម លោក កែវ រតនៈ ក៏បានឱ្យដឹងថា រាជរដ្ឋាភិបាល បានគាំទ្រទាំងផ្នែកទីផ្សារផង និងផ្ដល់អគ្គិសនីបៃតងក្នុងអត្រាពិសេសក្នុងផ្នែកកសិកម្មដែលគិតត្រឹមតែ ៤៨០៛ ក្នុង១គីឡូវ៉ាត់ម៉ោង។ ក្នុងនាមជារដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល លោកបានជំរុញឱ្យក្រុមហ៊ុន អ្នកឧកញ៉ា ហេង ឡុង បន្តពង្រីកអាជីវកម្មដើម្បីជួយបង្កើតការងារថ្មីៗ និងអំពាវនាវអ្នកមានទុនឯទៀតជួយវិនិយោគក្នុងវិស័យកសិកម្មដែលនឹងទទួលបានអគ្គិសនីថ្លៃអនុគ្រោះជាពិសេស។

សូមជម្រាបជូនថា អ្នកឧកញ៉ា ហេង ឡុង គឺជាអ្នកជំនួញដ៏លេចធ្លោមួយរូបនៅក្នុងវិស័យកសិកម្ម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជាផងដែរ។ អ្នកឧកញ៉ា ហេង ឡុង មានក្រុមហ៊ុនជាច្រើននៅក្នុងដៃ ដែលបានផ្ដល់ឱកាសការងារជាច្រើនម៉ឺនកន្លែងដល់ប្រជាពលរដ្ឋកម្ពុជា ដូចជា៖ ១)ក្រុមហ៊ុន ឡុង ស្រេង អ៊ិនធើណេសិនណល ដែលបានវិនិយោគលើចំការកៅស៊ូ លើផ្ទៃដីចំនួន ៧០០០ ហិកតា និងចំការចេក លើផ្ទៃដីចំនួន ១៥០០ហិកតា ២)ក្រុមហ៊ុន បឹងកេត ផ្លេនធីង & អ៊ិនដាសស្ទ្រៀល ដែលផលិតដំណាំស្វាយស្រស់ សម្រាប់បម្រើការនាំចេញ ៣)ក្រុមហ៊ុន ឡុង ស្រេង ហ័រ ជាន អាហ្គ្រីខលឈ័រ ឌីវេឡុបមិន ដែលមានជំនាញក្នុងការដាំចេក និងមានចំការចេកអំបូងលឿង លើផ្ទៃដីចំនួន ៧០០ហិកតា សម្រាប់បម្រើការនាំចេញ ៤)ក្រុមហ៊ុន បឹងកេត ភែកខេជីង ហ្វេកធើរី ដែលផលិតកេសក្រដាស និងថង់ផ្លាស្ទិកគ្រប់ប្រភេទ និង ៥)ក្រុមហ៊ុនរោងចក្រផលិតជីសរីរាង្គ បឹងកេត៕








