អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរ:ប៊ុនថាំ គ្រូបរីហ្សត ខូអិលធីឌី កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញនេះ បានចាប់ដៃគ្នាជាមួយ ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងពិធីចុះអនុស្សរណ:នៃការយោគយល់គ្នា រវាងក្រុមហ៊ុន វិរ:ប៊ុនថាំ រីហ្សត គ្រុប និងសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ។

ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង នៃប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរ:ប៊ុនថាំ គ្រូបរីហ្សត ខូអិលធីឌី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងថ្នាក់ដឹកនាំ នៃក្រុមហ៊ុនវិរ:ប៊ុនថាំ គ្រូបរីហ្សត ខូអិលធីឌី នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងសាខាទួលស្លែង រាជធានីភ្នំពេញ។
អ្នកឧកញ៉ា សួរ វីរៈ បានឱ្យដឹងថា ពិធីចុះអនុស្សរណ:នៃការយោគយល់គ្នារវាងក្រុមហ៊ុនវិរ:ប៊ុនថាំ គ្រូបរីហ្សត គ្រុប និងសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ គឺក្នុងគោលបំណងគាំទ្រវិស័យទេសចរនៅកម្ពុជា និងផ្តល់ឱកាសដល់សិស្ស និសិត្យ អាចទទួលបាននូវចំណេះដឹង បទពិសោធន៍ជាក់ស្តែងបន្ថែមទៅលើវិស័យបដិសណ្ឋារកិច្ច សណ្ឋាគារ រីស៊ត សេវាកម្មទេសចរ និងវិស័យកសិកម្មបន្លែធម្មជាតិ ជាដើម។ លើសពីនេះ ការចុះ MOU នេះ ក៏ធ្វើឡើងក្នុងគោលបំណងបណ្ដុះបណ្ដាលធនធានមនុស្ស តាមរយៈការផ្ដល់នូវការចុះហ្វឹកហាត់ការងារ សិក្ខាសាលា កម្មសិក្សា និងផ្ដល់ឱកាសការងារដល់និស្សិតផងដែរ។

សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ របស់ឧកញ៉ា លី ឆេង ជាសាកលវិទ្យាល័យឯកជនដ៏ធ្លោរមួយនៅរាជធានីភ្នំពេញ ខណៈដែលបច្ចុប្បន្នមាន២ទីតាំងគឺ ទីតាំងទី១ នៅទួលស្លែង និងទីតាំងទី២ នៅជិតស្ពានអាកាសចោមចៅ ព្រមទាំងគ្រោងសម្ពោធសាខាថ្មីជាបន្តបន្ទាប់ទៀត។
សូមជម្រាបថា ក្រុមហ៊ុន វិរៈប៊ុនថាំ គ្រុប របស់អ្នកឧកញ៉ា សួរ វីរៈ មានក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធដូចជា៖ រថយន្តជួលប្រណិត, រថយន្តក្រុងប្រណិត និង Air Bus, រថយន្តគ្រែគេងយប់ប្រណិតដំបូងគេក្នុងប្រទេសតាំងពីឆ្នាំ២០០៦, រថយន្តសម្រាប់ដឹកទំនិញ, ទូកល្បឿនលឿន Buva Sea, សណ្ឋាគារ រីសត ដូចជា Tube Resort, Sandy Beach Bungalows, Koh Sdach Resort, Eden Beach Resort, Sarasea Bodega, Pidoma, Romdoul Kirirom និងកោះអភិជន រីសត។ នាពេលឆាប់ៗនេះ ក្រុមហ៊ុនក៏នឹងមានជាប្រភេទផ្លូវអាកាស SeaPlanes (VET Airway) ស្របតាមតម្រូវការរបស់អតិថិជនផងដែរ៕










