ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានចេញលិខិតអញ្ជើញដល់ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងលោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ឱ្យចាត់សហការីមួយសមាគមចំនួន ៥០នាក់ សរុបទាំងពីរសមាគមចំនួន ១០០នាក់ ដើម្បីចូលរួមកម្មវិធីសិក្ខាសាលាស្តីពី “លំនៅឋាន និងការរៀបចំទីក្រុងនៅកម្ពុជា និងហុងកុង” នៅទីស្តីការក្រសួងរៀបចំដែនដី នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។

កម្មវិធីសិក្ខាសាលានេះ នឹងប្រារព្វធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួង ថ្នាក់ដឹកនាំមន្ទីររាជធានី ខេត្ត ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គណៈស្ថាបត្យករកម្ពុជា គណៈវិស្វករកម្ពុជា តំណាងសមាគមអ្នកសាងសង់កម្ពុជា តំណាងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា តំណាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងតំណាងសមាគមធនាគារកម្ពុជា សរុបប្រមាណជិត ២,០០០នាក់។


តាមកម្មវិធី សិក្ខាសាលាអន្តរជាតិដ៏ធំមួយនេះ សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យទីក្រុងហុងកុង (City University Hong Kong) នឹងឡើងធ្វើបទបង្ហាញពី បទពិសោធន៍នៃលំនៅឋានសាធារណៈរបស់ហុងកុង ដូចជា ប្រវត្តិនៃការរៀបចំ ប្រព័ន្ធបច្ចុប្បន្ន អត្ថប្រយោជន៍និងបញ្ហារាំងស្ទះនានា។ ជាមួយគ្នានោះ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ក៏នឹងចែករំលែកបទពិសោធន៍ពីការងាររៀបចំទីក្រុងនៅកម្ពុជា ការងារអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ព្រមទាំងបទពិសោធន៍ជោគជ័យនៃដំណោះស្រាយអគារប៊ូឌីញស ដែលបានជួយប្រជាពលរដ្ឋ ៤៩២គ្រួសារឱ្យចាកចេញពីអគារចាស់ទ្រុឌទ្រោមមានសភាពគ្រោះថ្នាក់ ទៅរកទ្រនំថ្មីដោយពេញចិត្ត។
គួរបញ្ជាក់ថា គោលបំណងនៃសិក្ខាសាលាស្តីពី “លំនៅឋាន និងការរៀបចំទីក្រុងនៅកម្ពុជា និងហុងកុង” គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារលំនៅឋាន និងការរៀបចំទីក្រុងនៅកម្ពុជា និងទីក្រុងហុងកុង ព្រមទាំងការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងក្រសួងរៀបចំដែនដី និង City University Hong Kong លើការងារលំនៅឋាន និងការរៀបចំទីក្រុង៕
