គ្រួសារវិរៈប៊ុនថាំគ្រប់ជាន់ថ្នាក់ ជាង៦ពាន់នាក់ ចូលរួមបរិច្ចាគថវិកាជាង ២៤លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

ជុំវិញ​ឧកញ៉ា

ក្រោមការដឹកនាំផ្ដួចផ្ដើមរបស់ អ្នកឧកញ៉ា សួរ វីរ: អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស ក្រុមគ្រួសារវិរៈ ប៊ុនថាំគ្រប់ជាន់ថ្នាក់ រួមទាំងបុគ្គលិកទាំងអស់ចំនួន ៦,០៣៩នាក់ បានចូលរួមបរិច្ចាគ​ថវិកាដល់ “មូលនិធិ​កសាង​ហេដ្ឋារចនាសម្ពន្ធ័តាមបណ្តោយព្រំដែន” សរុបជាសាច់ប្រាក់ចំនួន ២៤,១៥៦,០០០រៀល ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍន៍ជាតិ ក្នុងស្មារតីមហាសាមគ្គី ជាតិខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចូលរួមបរិច្ចាគថវិការបស់ គ្រួសារក្រុមហ៊ុនវិរៈប៊ុនថាំ តបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណង​ដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់​ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខ​សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យ​បានកាន់​តែ​រឹងមាំ និងប្រកបដោយចីរភាព។

យោងតាមការជូនដំណឹងរបស់ខុទ្ធកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ធ្វើឡើងក្នុងគោលបំណងដើម្បីកៀរគរ​ថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យ​ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល​នៅក្នុងបុព្វហេតុរួមគ្នាកសាងនិងការពារមាតុភូមិរបស់យើង។

ជាមួយនឹងការជូនដំណឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ​ទាំង​ក្នុងនិងក្រៅប្រទេស មេត្តាចូលរួមបរិច្ចាគវិភាគទានឱ្យបានផុលផុសតាមការស្ម័គ្រចិត្តក្នុង «មូលនិធិកសាងហេដ្ឋា​រចនាសម្ព័ន្ធតាមព្រំដែន» សំដៅរួមគ្នាក្នុងធ្លុងមហាសាមគ្គីជាតិខ្មែរដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាព​ជាតិ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយ​ចីរភាព៕