អ្នកឧកញ៉ា ហេង សៀ សមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា និងជាប្រធានកិត្តិយសមូលនិធិអប់រំកុមារ ដែលមានដើមកំណើតក្នុងឃុំកោះសូទិន កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ បានផ្តួចផ្តើមរៀបចំពិធីចែកអំណោយជាសម្ភារ:សិក្សា ដល់សិស្សានុសិស្សចំនួន ២៦៨ នាក់ និងកង់ដល់សិស្សក្រីក្រគ្មានមធ្យោបាយមកសាលា ចំនួន ១៥នាក់ នៅសាលាបឋមសិក្សាកណ្ដាលកោះត្បូង ស្ថិតនៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ការចុះចែកអំណោយដែលជាសកម្មភាពសប្បុរសធម៌ដ៏ជ្រះថ្លានេះ គឺក្នុងគោលបំណងដឹងគុណជូនចំពោះចាស់ព្រឹទ្ធាចារ្យ មិត្តរួមជំនាន់ និងសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ នៃអតីតសាលារៀន ដែលអ្នកឧកញ៉ា ធ្លាប់បានសូត្រកន្លងមក។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកស្រី ស៊ុន ចន្ថា មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀន មន្ត្រីឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នាយកកម្រងឃុំ លោកគ្រូអ្នកគ្រូ គណៈកម្មការសាលា តំណាងមាតាបិតាសិស្ស និងសិស្សានុសិស្ស សរុបអ្នកចូលរួម ៣១០ នាក់ ស្រី ១៥០ នាក់។
ក្នុងកម្មវិធីនេះដែរ អំណោយដែលសិស្សានុសិស្សម្នាក់ៗទទួលបានរួមមាន÷ អាវយឺតកីឡាមួយ សៀវភៅ៤ក្បាល ប៊ិច២ដើម ខ្មៅដៃ២ដើម ជ័រលុប១ដើម បន្ទាត់មួយ និងថវិកាម្នាក់ ១០,០០០ រៀល ផងដែរ។ ដោយឡែកសិស្សក្រីក្រដែលខ្វះមធ្យោបាយមកសាលា ចំនួន ១៥ នាក់ ទទួលបាន កង់ម្នាក់មួយ ខោអាវសិស្ស២កំផ្លេរ ស្បែកជើង១គូ និងកាបូបស្ពាយមួយ បន្ថែមទៀត។
សម្រាប់ លោកគ្រូអ្នកគ្រូ ១០នាក់ ម្នាក់ៗទទួលបានថវិកា ២០,០០០ រៀល។ ចាស់ព្រឹទ្ធាចារ្យ និងមិត្តរួមជំនាន់ ១៥ នាក់ ម្នាក់ៗទទួលបានថវិកា ១០,០០០ រៀល។ ជាមួយគ្នានោះ កម្មវិធីបានរៀបចំអាហារសាមគ្គី ជាសម្លការី នំប៉័ង មួយពេលផងដែរ ដែលសរុបថវិកាចំណាយអស់ប្រមាណ ២២,៦៥២,០០០ រៀល។
សូមជម្រាបថា អ្នកឧកញ៉ា ហេង សៀ និងលោកជំទាវ តែងតែចូលរួមបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនជូនដល់កម្មវិធីសប្បុរសជាច្រើន ពិសេសកាកបាទក្រហមកម្ពុជា ចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល និងជួយដល់សិស្សក្រីក្រជាហូរហែ។ ជាក់ស្តែង កាលខែកក្កដា ឆ្នាំ២០២៤ អ្នកឧកញ៉ា បានផ្ដល់ការឧបត្ថម្ភដល់សិស្សក្រីក្រចំនួន ៤នាក់ នៅសាលាបឋមសិក្សាសម្ដេចតេជោ ហ៊ុន សែន មេសរជ្រៃ ស្ថិតនៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ផងដែរ៕