មិនថាយើងមានតួនាទីជាថ្នាក់ដឹកនាំក្រុមហ៊ុន ឬជាម្ចាស់ក្រុមហ៊ុននោះទេយើងត្រូវចេះបើកចិត្តឱ្យទូលាយក្នុងការស្ដាប់មតិយោបល់បុគ្គលិកខ្លះផង បើពុំដូច្នេះទេក្រុមហ៊ុននឹងមិនជោគជ័យឡើយ។
ត្រូវចាំថា ពេលខ្លះការសម្រេចចិត្តរបស់យើងត្រឹមត្រូវ ប៉ុន្តែពេលខ្លះទៀតវាមិនត្រឹមត្រូវទាំងស្រុងនោះទេ ដូច្នេះបើសិនជាយើងផ្ដល់ឱកាសឱ្យបុគ្គលិកបញ្ចេញមតិយោបល់ នោះវានឹងអាចបញ្ចៀសបញ្ហា ឬកំហុសឆ្គងបានច្រើន ព្រោះយើងដឹងហើយថា ការសម្រេចចិត្តធ្វើឡើងដោយមានការចូលរួមពីក្រុមមនុស្សច្រើន វារមែងហ្មត់ចត់ និងត្រឹមត្រូវជាងការសម្រេចចិត្តដោយបុគ្គលតែម្នាក់ឯង ឬមនុស្សភាគតិច។
យើងត្រូវដឹងថា
បុគ្គលិកគ្រប់រូបតែងតែចង់ចូលរួមចំណែកផ្តល់មតិយោបល់
និងគំនិតខ្លះៗមកលើក្រុមហ៊ុន
ដើម្បីបង្ហាញពីស្នាដៃរបស់ពួកគេ។
ដូច្នេះ
ប្រសិនបើយើងបដិសេធឬរាំងខ្ទប់មិនឱ្យពួកគេមានឱកាសបង្ហាញសមត្ថភាព
(ចូលរួមមតិយោបល់)
នោះប្រៀបដូចជាការបិតឆ្នាំងបាយក្រុមហ៊ុនដូច្នេះដែរ។
មានន័យថា បើយើងមិនព្រមឱ្យបុគ្គលិកបញ្ចេញមតិយោបល់ទេ
នោះបុគ្គលិកប្រាកដជាគ្មានកម្លាំងចិត្តធ្វើការងារឡើយ។
ព្រោះបុគ្គលិកម្នាក់ៗមិនអាចទ្រាំធ្វើគ
ធ្វើថ្លង់បានទេ
ប្រសិនបើពួកគេចង់ចូលរួមមតិយោបល់អ្វីមួយមកលើក្រុមហ៊ុន
តែត្រូវថ្នាក់ដឹកនាំក្រុមហ៊ុន
ឬម្ចាស់ក្រុមហ៊ុនបដិសេធមិនព្រមទទួលស្ដាប់នោះ។
ហេតុអ្វីមិនព្រមស្ដាប់មតិយោបល់បុគ្គលិក? ហេតុអ្វីមិនឱ្យតម្លៃមតិយោបល់បុគ្គលិក? ដ្បិតថាមតិយោបល់របស់ពួកគាត់មិនអាចយកមកអនុវត្តបានទាំងស្រុងក៏ពិតមែន ប៉ុន្តែយើងគួរចាយពេលស្ដាប់ពួកគាត់ឱ្យបានច្រើន ដើម្បីបញ្ជាក់ថាយើងឱ្យតម្លៃលើគំនិតយោបល់ពួកគេ។ ខ្ញុំគិតថាក្រុមហ៊ុនខ្ញុំលូតលាស់ធំធាត់ដូចសព្វថ្ងៃនេះ គឺដោយសារមានការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់បុគ្គលិករបស់ខ្ញុំគ្រាប់ជាន់ថ្នាក់។ គឺពួកគេចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្ត និងទាំងមតិយោបល់។ ជារៀងរាល់ឆមាស ពោលនៅរាល់ពិធី”តម្រង់ទិសវគ្គសិក្សាថ្មី” ក្រៅតែពីចង្អុលបង្ហាញផ្លូវថាបុគ្គលិកត្រូវដើរផ្លូវណាដើម្បីក្រុមហ៊ុនបន្តជោគជ័យ ខ្ញុំក៏បើកសិទ្ធិឱ្យពួកគាត់បញ្ចេញមតិយោបល់មកវិញដែរ។ ខ្ញុំរីករាយ និងពេញចិត្តសម្រាប់មតិយោបល់របស់ពួកគាត់ ឱ្យតែពួកគាត់ផ្ដល់មកក្នុងន័យស្ថាបនា និងដើម្បីភាពរីកចម្រើនរបស់ក្រុមហ៊ុន។
មែនទែនទៅមិនមែនតែក្នុងពិធី
“ទម្រង់ទិសវគ្គសិក្សាថ្មី”
នោះទេ ដែលខ្ញុំបើកសិទ្ធិឱ្យបុគ្គលិកបញ្ចេញមតិយោបល់
ពោលគឺខ្ញុំតែងតែរីករាយ
និងបើកចិត្តទទួលមតិយោបល់ពួកគាត់គ្រប់ពេល
ឱ្យតែពួកគាត់ចង់បញ្ចេញមតិយោបល់។
ប្រសិនបើពួកគាត់មិនហ៊ានបញ្ចេញមតិយោបល់ដោយបើកចំហខ្ញុំអនុញ្ញាតឱ្យពួកគាត់សរសេរជាលិខិតបានទៀត។
អ៊ីចឹងហើយបានជាក្នុងក្រុមហ៊ុនខ្ញុំតែងតែមានប្រអប់ដាក់សំបុត្រ
និងទម្រង់លិខិតទុកឱ្យបុគ្គលិកសរសេរនូវមតិយោបល់របស់ពួកគាត់
ផ្ញើមកឱ្យខ្ញុំ។
ដូច្នេះប្រសិនបើពួកគាត់មើលឃើញបញ្ហាក្រុមហ៊ុនត្រង់ចំណុចណាមួយ
ពួកគាត់អាចសរសេរផ្ញើមកខ្ញុំ
ហើយខ្ញុំនឹងសិក្សាអំពីករណីនោះ
ដើម្បីកែខៃយ៉ាងណាឱ្យក្រុមហ៊ុនដំណើរការដោយរលូន
ហើយបុគ្គលិកមានភាពត្រជាក់ត្រជំ៕
ខ្លឹមសារទាំងស្រុង ដោយឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី