ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន មានប្រសាសន៍ប្រកបដោយអត្ថន័យជ្រាលជ្រៅ ក្នុងថ្ងៃខួបកំណើតអ្នកឧកញ៉ា គិត ម៉េង

ជុំវិញ​ឧកញ៉ា

នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ដែលជាឧត្តម​ភរិយាបានរៀបចំពិធីខួបកំណើត ដ៏រំភើបជូនស្វាមី អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ ក្នុងថ្ងៃពិសេសនេះ លោកជំទាវអ្នកឧកញ៉ា បានមានប្រសាសន៍ដ៏វែង​ប្រកប​ដោយ​ខ្លឹមសារ​​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅទៅកាន់អ្នកឧកញ៉ា គិត ម៉េង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមសមាគមសិល្បករខ្មែរ ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បាន​មាន​ប្រសាសន៍​ថា៖ “ជារៀងរាល់ឆ្នាំក្នុងថ្ងៃ​ដ៏​វិសេសវិសាលនេះ អូនតែងប្រាប់ខ្លួនឯងថា ជីវិតអូនពិតជាមានសំណាងបំផុត​ក្នុងលោក​នេះ​ដែលមានបង​ជា​ស្វាមីនៅក្បែរ។ ភាពរឹងមាំដ៏ក្លៀវក្លា ក្ដីស្រលាញ់ឥតព្រំដែន និងការជ្រោមជ្រែងយកចិត្ត​ទុកដាក់​របស់បង គឺជា​សសរទ្រូងសម្រាប់គ្រួសារយើង ដែលជួយដឹកនាំអូន និងកូនឆ្លងកាត់ទំព័រជីវិតរួមគ្នា។ បងផ្ដល់នូវគំរូឧទាហរណ៍​ដ៏ល្អបំផុតសម្រាប់កូនៗ ឱ្យពួកគេដឹងថាត្រូវធ្វើខ្លួនឱ្យរឹងមាំបែបណា ចេះផ្ដល់ស្រលាញ់ និងលះបង់បែបណា។ ភាពអត់ធ្មត់ និងភាពវាងវៃប្រកបដោយគតិបណ្ឌិតរបស់បង គឺជាប្រទីបជួយបំភ្លឺ និងប្រែ​ក្លាយ​ផ្ទះយើងទាំង​មូល​ឱ្យទៅជាគ្រួសារ ដែលពោរពេញដោយក្ដីស្រលាញ់ និងភាពរីករាយ។ បងសម្លាញ់! តើបងដឹងទេ? បងមិនត្រឹម​តែជាឧត្តមស្វាមី និងជាឪពុកដ៏អស្ចារ្យនោះទេ បងគឺជាវីរបុរស ជាគ្រូណែនាំដ៏ល្អបំផុត និងជាអ្នកការពារ​ដ៏អង់​អាច​របស់យើង។ ក្ដីស្រលាញ់ដែលបងបានផ្ដល់សម្រាប់គ្រួសារមួយនេះ បង្កើតបានជា​ចំណង​ដ៏រឹងមាំ​មិនអាច​កាត់ផ្ដាច់បាន”។

លោកជំទាវអ្នកឧកញ៉ា បានបន្ថែមថា៖ “ភាពរឹងមាំដ៏ស្ងៀមស្ងាត់ ការគាំទ្រ និងការស្រលាញ់ដ៏កក់ក្ដៅរបស់បង បានប្រែក្លាយការលំបាកទាំងឡាយទៅជាភាពងាយស្រួល និងក្ដីរំភើបរីករាយដ៏ត្រចះត្រចង់។ បងបានផ្ដល់ឱ្យអូន និងកូនដ៏ច្រើនលើសលប់សូម្បីតែយើងមិនដែលទាមទារ ហើយក្ដីស្រលាញ់ដ៏ធំធេងមួយនេះ បានធ្វើឱ្យអូន និង​កូន រកឃើញនូវក្ដីសុខដ៏កក់ក្ដៅ និងសុភមង្គលដ៏ជ្រាលជ្រៅបំផុត។ ថ្ងៃនេះមិនគ្រាន់តែជាឱកាស ដែលយើង​អបអរ​ខួបកំណើតរបស់បងនោះទេ ប៉ុន្តែក៏ជាការអបអរនូវរឿងរ៉ាវជាច្រើនដែលបងបានធ្វើឱ្យជីវិតអូន និងកូនៗ​របស់យើងកាន់តែស្រស់បំព្រង។ នាឱកាសដ៏ប្រពៃថ្លៃថ្លានេះ អូនសូមជូនពរឱ្យបងមានសុខភាពល្អ ពោរពេញ​ដោយក្ដីសុខ ហើយសូមឱ្យយើងមានឱកាសរីករាយកាន់តែច្រើនជាមួយគ្នា បន្តក្ដីសុបិនរួមគ្នា និងអនុស្សាវរីយ៍​ល្អៗឱ្យស្ថិតជាប់ក្នុងបេះដូងយើងជានិរន្តរ៍តទៅ។ រីករាយថ្ងៃកំណើតស្វាមីសម្លាញ់ចិត្តអូន”។

សូមជម្រាបថា ពិធីខួបកំណើត​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា កាលពី​ម្សិលមិញ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​នៅក្នុងភូមិគ្រឹះ​ផ្ទាល់​ខ្លួន​ នៅ​រាជធានីភ្នំពេញ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវកិត្តិយស​​ ថ្នាក់ដឹកនាំ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និង​សាច់ញាតិ​ជិត​ស្និទ្ធ​ជា​ច្រើន​រូប៕