ឧកញ៉ា សាយ សុភ័ត្រា អនុប្រធានក្រុមហ៊ុនសូគីម៉ិច អុិនវេសមេន គ្រុប (Sokimex Investment Group) កាលពីចុងសប្តាហ៍កន្លងទៅ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Shuichiro Mori អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន Mitsubishi Company (Thailand) Ltd. និងលោក Hideaki Tabei អគ្គនាយកនៃក្រុមហ៊ុន Mitsubishi Corporation (Cambodia) ក្នុងការអញ្ជើញមកកាន់ក្រុមហ៊ុន សូគីម៉ិច អុិនវេសមេន គ្រុប។

បើតាមក្រុមហ៊ុនសូគីម៉ិច អុិនវេសមេន គ្រុប បានឱ្យដឹងថា ក្នុងជំនួបនេះ គឺបានពិភាក្សាគ្នាអំពីឱកាសវិនិយោគ និងសក្តានុពល សម្រាប់គម្រោងអភិវឌ្ឍន៍ភ្នំបូកគោខេត្តកំពត ព្រមទាំងបានបង្ហាញពីការកើនឡើងនៃការចាប់អារម្មណ៍ពីអ្នកវិនិយោគអន្តរជាតិមកកាន់គម្រោងអភិវឌ្ឍន៍ភ្នំបូកគោ។ គោលបំណងគម្រោងអភិវឌ្ឍន៍ភ្នំបូកគោ គឺធ្វើឱ្យមានតុល្យភាពរវាងការអភិវឌ្ឍប្រកបដោយចីរភាព ជាមួយនឹងសម្រស់ធម្មជាតិ និងកេរ្តិ៍ដំណែលវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។
អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសូគីម៉ិច អុិនវេសមេន គ្រុប និងថ្នាក់ដឹកនាំក្រុមហ៊ុន រួមទាំងលោកឧកញ៉ា សាយ សុភ័ត្រា តែងតាំងខិតខំកៀងគរអ្នកវិនិយោគិនជាតិ និងអន្តរជាតិ មកស្វែងយល់ពីឱកាសវិនិយោគនៅលើភ្នំបូកគោ ដែលជាតំបន់មួយដ៏មានសក្តានុពល។ ការខិតខំស្វែងរកកិច្ចសហប្រតិបត្តិការនានា គឺស្របទៅនឹងចក្ខុវិស័យក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ការកសាង និងអភិវឌ្ឍន៍ជាតិ។
សូមជម្រាបថា ថ្មីៗនេះ អ្នកឧកញ៉ា សុខ គង់ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា មកទល់បច្ចុប្បន្នលោកបានចំណាយទុនវិនិយោគអស់ប្រមាណ ៨០០លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍនៅលើកំពូលភ្នំបូកគោ ប៉ុន្តែប្រាក់ដែលបានចំណាយទាំងនោះ នៅមិនទាន់ទទួលបានផលចំណេញមកវិញនៅឡើយទេ។ យ៉ាងណាក្តី គម្រោងវិនិយោគជាច្រើន ដែលក្រុមហ៊ុនបានកំពុងអភិវឌ្ឍនេះ គឺដើម្បីអភិវឌ្ឍភ្នំបូកគោ ឱ្យក្លាយជាតំបន់ទេសចរណ៍ដ៏សម្បូរបែប៕


