លោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ បានបង្ហើយប្រាប់ឧកញ៉ាញូស៍ថា នៅក្នុងការប្រកួតបវរកញ្ញាមួយលើកៗ គឺលោកបានចំណាយថវិកាផ្ទាល់ខ្លួនជិត ២០ម៉ឺនដុល្លារ ក្នុងគោលបំណងស្វែងរកនូវធនធានមនុស្សដែលមានសមត្ថភាព មានទេពកោសល្យពិតប្រាកដរបស់កម្ពុជា។
ម្ចាស់ហាងពេជ្រ CSNJ ដែលជាអ្នកឧបត្ថម្ភធំ នៅក្នុងព្រឹត្ដិការណ៍ប្រកួតបវរកញ្ញា Miss Cambodia 2024 រូបនេះ បានឱ្យដឹងថា មូលហេតុដែល លោកឧកញ៉ា ជួយនៅក្នុងវិស័យបវរកញ្ញា គឺដើម្បីជំរុញឱ្យធនធានមនុស្សកម្ពុជាដែលមានសមត្ថភាពពិតប្រាកដបានបង្ហាញមុខ បញ្ចេញសមត្ថភាព សម្រស់ និងទេពកោសល្យ ចំណេះដឹងទូទៅ ភាសា ជាពិសេស បានចូលរួមផ្សព្វផ្សាយពី វប្បធម៌ អរិយធម៌ និងទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក តាមរយៈឆាកបវរកញ្ញាទាំង ក្នុងប្រទេស និងព្រឹត្តិការណ៍បវរកញ្ញាលំដាប់ពិភពលោក។
ក្រៅពីជាឈុតគ្រឿងអលង្ការជាការលើកទឹកចិត្ត លោកឧកញ៉ា ម្ចាស់ហាងពេជ្រ CSNJ ក៏បានប្រគល់រង្វាន់រថយន្តមួយគ្រឿងជូន បវរកញ្ញាជាប់លេខ១ Top 1 Miss Cambodia 2024 ថែមទៀតផង។
ថ្លែងប្រាប់ឧកញ៉ាញូស៍ លោកឧកញ៉ា ចិន សំណាង បានបង្ហើយប្រាប់ថានៅក្នុងការជួយឧបត្ថម្ភដល់កម្មវិធីបវកញ្ញាម្ដងៗគឺអស់ជិត២០ម៉ឺនដុល្លារ ដោយមិនទទួលចំណូលពីណានោះទេ ពោលគឺចំណាយសុទ្ធតែម្ដង។
ជាមួយនឹងការចំណាយនេះលោកឧកញ៉ា គិតថា ធនធានមនុស្សពិតប្រាកដរបស់កម្ពុជា ពួកគាត់ខ្លះមិនសូវហ៊ានចេញមុខ ព្រោះឮតាមពាក្យចចាមអារាម ថាពេលចប់ប្រកួតនឹងបានទៅអ្នកនេះ អ្នកនោះជាដើម ទើបលោកនៅតែបន្ដឧបត្ថម្ភគាំទ្រលើកម្មវិធី ដើម្បីឆ្កិះយកធនធានពិតប្រាកដ និងបន្សាបការគិតអវិជ្ជមានបែបនេះ ដែលជាបច្ច័យនាំឱ្យបេក្ខនារីយើង មានការបារម្ភ។
ស្របនឹងការឧបត្ថម្ភរបស់លោកឧកញ៉ា ចិន សំណាង កញ្ញា ឡូយ ច័ន្ទរស្មី បវរកញ្ញាឯកកម្ពុជាឆ្នាំ២០២៤ បានរៀបរាប់ថា កញ្ញាបានត្រៀមខ្លួនជាស្រេចក្នុងការបំពេញបេសកកម្មចូលរួមប្រកួត Miss International កម្រិតអន្តរជាតិ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាខែវិច្ឆិកាខាងមុខនេះ ដើម្បីមុខមាត់ប្រទេសកម្ពុជា។
នៅក្នុងការប្រកួត Miss International ក្នុងប្រទេសជប៉ុន Miss Cambodia 2024 កញ្ញា ឡូយ ច័ន្ទរស្មី បានត្រៀមខ្លួនបានចំនួន៨០% ហើយដោយកញ្ញាបានសិក្សាលម្អិតទៅលើវប្បធម៌ អរិយធម៌របស់កម្ពុជា និងជប៉ុន ដោយឡែក២០%ទៀត កញ្ញានឹងសិក្សាស្វែងយល់ និងរៀនសូត្រពីសិស្សច្បង។ ក្រៅសិក្សាផ្នែកវប្បធម៌ អរិយធម៌កម្ពុជា-ជប៉ុន កញ្ញាក៏បាននឹងកំពុងសិក្សាភាសាជប៉ុនមួយទៀតផងដែរ។
ភ្ជាប់ជាមួយនឹងការត្រៀមខ្លួន បវរកញ្ញាឯកកម្ពុជាឆ្នាំ២០២៤ ក៏បានសរសើរគ្រឿងអលង្ការរបស់ក្រុមហ៊ុន CSNJ លោកឧកញ៉ា ចិន សំណាងផងដែរ ដោយកញ្ញាបញ្ជាក់ថា បន្ទាប់ពីបានពាក់គ្រឿងអលង្ការនេះហើយ ធ្វើឱ្យមានថាមពល និងជំនឿចិត្ដកាន់តែខ្លាំងជាងមុនទៀត។
កញ្ញា ឡូយ ច័ន្ទរស្មី ក៏បានផ្ដាំផ្ញើដល់បងប្អូននារីដែលមានបំណងចូលប្រឡូកប្រកួតកម្មវិធីបវរកញ្ញា ប៉ុន្ដែមិនមានភាពជឿចាក់ កញ្ញាបានប្រាប់ថា ខ្លួននាងផ្ទាល់មិនមានគ្រួសារដែលធ្វើការលើផ្នែកសិល្បៈនោះទេ ប៉ុន្ដែក្ដីស្រម៉ៃរបស់នាងគឺចង់លើកយកវប្បធម៌-អរិយធម៌នៅក្នុងប្រទេស ក៏ដូចជាសម្រស់ និងភាពជឿជាក់របស់ខ្លួនទៅកាន់គេគ្រប់គ្នាទាំងក្នុងឆាកជាតិ និងអន្ដរជាតិ។
សូមបញ្ជាក់ថា មិនត្រឹមតែផ្ដល់រង្វាន់ប្រគល់ឡានមួយគ្រឿងតម្លៃជាង១ម៉ឺនដុល្លារ និងគ្រឿងអលង្ការប៉ុណ្ណោះនោះទេ ឧកញ៉ា ចិន សំណាង ក៏ឧបត្ថម្ភជាច្រើនទៀតក្នុងពេលធ្វើដំណើរទៅប្រកួតនៅប្រទេសជប៉ុនរបស់ បវរកញ្ញាឯកកម្ពុជាឆ្នាំ២០២៤ ផងដែរ៕