ឧកញ៉ា ចាន់ សុឃាំង៖ រយៈពេល៧ខែ ឆ្នាំ២០២៤ កម្ពុជាទទួលបានទឹកប្រាក់ ២៨០លានដុល្លារ ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល​៧ខែ ឆ្នាំ២០២៤ កម្ពុជា​ទទួល​បាន​ទឹកប្រាក់​ប្រមាណ ២៨០លានដុល្លារ លើការ​នាំចេញអង្ករចំនួន ៣៧៩ ៥៤៦តោន​ ទៅកាន់ទីផ្សារ​អន្តរជាតិ​​ក្នុងគោលដៅចំនួន ៦៤ ប្រទេស មានកំណើនប្រមាណ ៥% បើធៀបនឹងឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងបទសម្ភាសន៍ជាមួយ​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោកឧកញ៉ា បាន​ឱ្យដឹង​​ថា រយៈពេល៧ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួនជិត ៣៨ម៉ឺនតោន បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​​នឹង​ឆ្នាំ២០២៣ គឺមាន​កំណើន​ប្រមាណ ៥%។ ក្នុងនោះ​លោកឧកញ៉ា​សង្កេត​ឃើញថា មានទីផ្សារថ្មី​​មួយចំនួន​បាន​កើតឡើង និងការ​ផ្លាស់ប្តូរ​របត់​ទីផ្សារមួយចំនួនដែរ។ សម្រាប់ទីផ្សារនៅ​សហគមអឺរ៉ុប ឃើញ​ថាមានតម្រូវការ​ខ្ពស់​ជាងមុន ហើយ​នៅទីផ្សារ​សហរដ្ឋអាមេរិក ចាប់ផ្តើម​ទទួលយក​គុណភាព​អង្ករកម្ពុជាជាប្រចាំ។ ដោយឡែក​ឃើញថា ទីផ្សារប្រទេសចិន មានការ​ថយចុះ​មួយចំនួន ដោយសារ​បញ្ហា​អត្រាប្តូរប្រាក់ និងការប្រមូលផល​ក្នុងស្រុក​នៅ​ប្រទេសចិន ទទួលបានផលល្អ។ ទោះយ៉ាងណា វាជំនួសមកវិញ​នូវ​ទីផ្សារ​តំបន់​អាស៊ីអាគ្នេយ៍ ហុងកុង ជាមួយ​នឹង​ទីផ្សារអូស្ត្រាលី ដែលចាប់ផ្តើម​ទទួលយកទីផ្សារអង្ករ​របស់កម្ពុជា។

ឧកញ៉ា ចាន់ សុឃាំង បានបន្ថែមថា នៅក្នុង៧ខែ ឆ្នាំ២០២៤នេះ អង្កររបស់កម្ពុជា បាន​ពង្រីកបានទីផ្សារថ្មីៗទៅ​កាន់តំបន់ ដែនកោះ និងប្រទេសចំនួន៩ ថែមទៀត រួមមាន៖ ប្រទេសជប៉ុន ចំនួន ១៤០តោន, ប្រទេសឡាតវី ៣៥០តោន, ប្រទេសលីបាណន់ ២២តោន, ប្រទេសអារ៉ាប់រួម ៣១៩តោន, ប្រទេសអាហ្វ្រិក ៥២តោន, ប្រទេស​កូម៉ូរូស ២៥តោន, ម៉ាកាវ ៨៥តោន, ដែនដោះ New Celedonia ២ ១៣៥តោន និងដែនកោះ Martinique ចំនួន ៦៤តោន។

​គួរបញ្ជាក់ថា ប្រភេទអង្ករកម្ពុជាដែលបាននាំចេញច្រើនជាងគេ​ គឺប្រភេទអង្ករក្រអូប ដែលមានចំនួន​ជាង ៧០%។ តាមការបញ្ជាក់ពី​សហព័ន្ធស្រូវអង្ករកម្ពុជា ​ពូជស្រូវសែនក្រអូប ជាពូជស្រូវមិនប្រកាន់រដូវ​ដែលត្រូវ​បានដាំដុះ ដោយប្រជាកសិករ​តាំងពីពាក់កណ្តាលទស្សវត្ស៩០។ អង្ករម៉ាក​សមូហ​ភាព SKO ផលិតចេញពី​ពូជស្រូវសែនក្រអូប​​របស់​កម្ពុជា ក៏​ត្រូវ​បាន​​ទទួល​ស្គាល់​​ ជាពូជ​ស្រូវ​ល្អ និងមានរសជាតិឆ្ងាញ់​​ ព្រម​ទាំង​បាន​ឈ្នះ​​ពានរង្វាន់មាស នៅក្នុង​កម្មវិធីវាយតម្លៃគុណភាព រសជាតិប្រភេទ​អង្ករ​សគ្រាប់វែងចិន-អាស៊ាន លើកទី១ កាលខែតុលា ឆ្នាំ២០២៣ ផងដែរ៕