ដោយមានចិត្តចង់អភិរក្សពូជសត្វអណ្ដើក គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ មកដល់បច្ចុប្បន្ន អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានចិញ្ចឹមថែទាំពូជអណ្តើកបាន ៩ប្រភេទ សរុបចំនួន ៦៩ក្បាល និងមានអណ្តើកខ្លះទម្ងន់ដល់ទៅ ៧០គីឡូក្រាម នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

អ្នកឧកញ៉ាសមាជិកព្រឹទ្ធសភារូបនេះ បានលើកឡើងលើទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី៥ ខែកញ្ញា បែបនេះថា៖ “ដោយសារតែខ្ញុំមានចំណង់ចំណូលចិត្តចង់អភិរក្សពូជសត្វអណ្ដើក និងចង់ស្វែងយល់ថាតើសត្វអណ្តើកមានពូជប៉ុន្មានប្រភេទ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ខ្ញុំបានឱ្យក្រុមជាងសាងសង់សួនអណ្ដើកមួយកន្លែង ដែលមានទំហំ ១១,៣០ម៉ែត្រ x ៣៩ម៉ែត្រ នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ”។
អ្នកឧកញ៉ា បានឱ្យដឹងទៀតថា កាលពីចាប់ផ្តើមសាងសង់ លោកបានគិតថាមានទំហំធំពេក តែពេលនេះហាក់បីដូចជាតូចចង្អៀតទៅវិញ ដោយសារតែប្រជាជន ចេះតែយកមកប្រគល់ឱ្យចិញ្ចឹមថែទាំជាបន្តបន្ទាប់ រហូតមកដល់សព្វថ្ងៃនេះមានពូជអណ្ដើក ៩ប្រភេទ ចំនួនសរុប ៦៩ក្បាល ហើយអណ្ដើកខ្លះមានទម្ងន់រហូតទៅដល់៧០គីឡូក្រាមឯណោះ។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើមានសត្វអណ្ដើកគ្រប់ប្រភេទ ឬពូជសត្វកម្រផ្សេងៗទៀត សូមមេត្តាកុំបរិភោគវា ដើម្បីចូលរួមចំណែកអភិរក្សពូជសត្វទាំងអស់នោះទុកឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ និងកូនចៅយើងជំនាន់ក្រោយៗបានមកទស្សនាឱ្យស្គាល់ជាក់ស្តែង។
សូមជម្រាបថា អ្នកឧកញ៉ា ម៉ុង ឫទ្ធី ត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីក្នុងមុខជំនួញកសិ-ឧស្សាហកម្ម ធំបំផុតក្នុងប្រទេសកម្ពុជា។ អ្នកឧកញ៉ា ជាម្ចាស់តំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ដែលជាតំបន់ទេសចរណ៍កែច្នៃបែបធម្មជាតិ រួមមានទាំង ទីលានប្រណាំងរថយន្ត ឡូរីជិះកម្សាន្តប្រវែង១០គីឡូម៉ែត្រ ដែលកំពុងពេញនិយមខ្លាំង ព្រមទាំងមានសួនសត្វជាច្រើនប្រភេទផងដែរ៕





