អ្នកឧកញ៉ា សុខ សំណាង ឧបត្ថម្ភភេសជ្ជៈបាកាសចំនួន ៥០០កេស ដល់ក្រសួងព័ត៌មាន ដើម្បីគាំទ្រដំណើរទស្សនកិច្ចទៅកាន់ខេត្តភូមិភាគឦសាន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សុខ សំណាង អគ្គនាយកក្រុមហ៊ុន ភេសជ្ជៈប៉ូការីស្វេត (Pocari Sweat) និងជា​សមាជិក​សមាគម​ឧកញ៉ាកម្ពុជា កាលពីថ្ងៃទី៥ ខែកញ្ញា បានឧបត្ថម្ភភេសជ្ជៈបាកាសចំនួន ៥០០ កេស ជូន​ក្រសួងព័ត៌មាន ដើម្បី​ចូលរួមជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ​គាំទ្រឧបត្ថម្ភការរៀបចំដំណើរទស្សនកិច្ចទៅកាន់​បណ្តាខេត្តនៅទិសឦសាន​ជូនបងប្អូន​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីប្រគល់ទទួលភេសជ្ជៈនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ក្រោម​អធិបតីភាព​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារសម្របសម្រួល​ដំណើរ​ទស្សនកិច្ច និងដោយមានការចូលរួមពីអ្នកឧកញ៉ា សុខ សំណាង អគ្គនាយកនៃក្រុមហ៊ុនភេសជ្ជៈបាកាស។

អ្នកឧកញ៉ា សុខ សំណាង បានលើកឡើងថា ជាជំហានដំបូងនេះ ក្រុមហ៊ុនផ្តល់ជូនភេសជ្ជៈចំនួន ៥០០ កេស ហើយនឹងបន្តគាំទ្រផ្តល់ជូនបន្ថែមទៀត រហូតដល់បញ្ចប់កម្មវិធីដំណើរទស្សនកិច្ចនៅចុងឆ្នាំ២០២៤ ដែលរៀបចំ​ឡើង​ដោយរាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានថ្លែងនូវអំណរគុណដល់ អ្នកឧកញ៉ា សុខ សំណាង ដែលបានចូលរួមគាំទ្រជា​ភេសជ្ជៈ​ដល់​អ្នកចូលរួមក្នុងដំណើរទស្សនកិច្ចទិសឦសាន ទៅកាន់តំបន់បណ្តោយព្រំដែន ដែលជាទស្សនៈកិច្ច​មួយដ៏មានសារៈសំខាន់ ដើម្បីផ្តល់ជូនដល់សាធារណជនបានជ្រាប​ពីស្ថានភាពជាក់ស្តែង នៅតាមបណ្តាខេត្ត​ជាប់ព្រំដែន​នៅក្នុងខេត្តត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគិរី- រតនគិរី -និងខេត្តស្ទឹងត្រែង ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង និងឃើញដោយផ្ទាល់ពីកិច្ចការពារអធិតេយ្យភាព និងបូរណភាពទឹកដីដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើ និងមិន​ដែលព្រងើយកន្តើយនោះឡើយ។

គួរបញ្ជាក់ថា អនុវត្តតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដំណើរ​ទស្សនកិច្ច​ទិសឦសាន​ដោយឥតគិតថ្លៃ នឹងធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ ដោយចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤នេះ ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋ បានឃើញដោយផ្ទាល់នូវការអភិវឌ្ឍ​ជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន និង ការអភិវឌ្ឍជារួមរបស់​ប្រជាពលរដ្ឋ​ក្នុងភូមិភាគឦសាន ដែលរួមមានខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និង ខេត្តរតនគិរី៕