ជំទាវអ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន វ័នហ្វ្រេតធើនីធី និងជាប្រធានមូលនិធិ២៥រៀល កាលពីថ្ងៃទី៥ ខែកញ្ញា បានចាត់តំណាងក្រុមហ៊ុននាំយកទឹកពិសាចំនួន ២ ០០០កេស ឧបត្ថម្ភជូនក្រសួងព័ត៌មាន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រលើការរៀបចំដំណើរទស្សនកិច្ចទៅកាន់បណ្តាខេត្តនៅទិសឦសានជូនបងប្អូនប្រជាពលរដ្ឋ។

ពិធីប្រគល់ទទួលខាងលើនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារសម្របសម្រួលដំណើរទស្សនកិច្ច និងដោយមានការចូលរួមពីលោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ចក្រុមហ៊ុន វ័នហ្វ្រេតធើនីធី។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណ និងកោតសសើរចំពោះ លោកជំទាវអ្នកឧកញ៉ា ជឹង សុគន្ធាវី ជាអគ្គនាយិកា តែងតែបានចូលរួមជាមួយរាជរដ្ឋាភិបាល និងឧបត្ថម្ភគាំទ្រក្នុងដំណើរទស្សនកិច្ចទិសឦសាន ដោយឥតគិតថ្លៃ ទៅកាន់តំបន់បណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគិរី-រតនគិរី-និងខេត្តស្ទឹងត្រែង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះនិងថ្ងៃបន្តបន្ទាប់ទៀត។
គួរបញ្ជាក់ថា អនុវត្តតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ នឹងធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ ដោយចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤នេះ ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋ បានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន និង ការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន ដែលរួមមានខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និង ខេត្តរតនគិរី៕




