ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា កាលថ្មីៗនេះបានឆ្លៀតចូលលេងស្រុកកំណើតនៅខេត្តកំពង់ចាម និងបានបើករថយន្តទំនើប Lamborghini ជូនលោកយាយ ទៅមើលក្លោងទ្វារមណ្ឌលសុខភាព គរ ដែលខ្លួនបានចូលរួមសាងសង់ដោយផ្ទាល់។
បន្ទាប់ពីចូលរួមក្នុងកម្មវិធីការបើកសាកល្បង Drag race ដើម្បីអបអរសាទរមហាព្រឹត្តិការណ៍ Gumball 3000 នៅខេត្តសៀមរាប កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ខណៈដែលលោកបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញវិញ លោកឧកញ៉ា ខេមរៈ សិរីមន្ត ក៏មិនភ្លេចចូលលេងអ្នកមានគុណ ពិសេសលោកយាយដែលមានព្រះជន្មជិត ១០០ឆ្នាំនៅស្រុកកំណើត។
លោកឧកញ៉ា បានលើកឡើងតាមរយៈវីដេអូលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៦ ខែកញ្ញា ដូច្នេះថា៖ “ថ្ងៃមុនខ្ញុំបានមកពីខេត្តសៀមរាប ក្នុងកម្មវិធី Gumball 3000 ហើយបានឆៀងចូលស្រុកកំណើត នៅខេត្តកំពង់ចាម ទៅលេងលោកយាយដែលមានព្រះជន្មជិត ១០០ឆ្នាំហើយ។ ខ្ញុំបាននាំគាត់ជិត Supercar លេង ហើយនៅពេលនោះដែរលោកយាយឱ្យបានឱ្យខ្ញុំជូនគាត់ ទៅមើលក្លោងទ្វារមណ្ឌលសុខភាពដែលខ្ញុំបានសាងសង់ដោយផ្ទាល់ជាមួយភរិយារបស់ខ្ញុំនៅស្រុកកំណើត”។
សូមជម្រាបថា មណ្ឌលសុខភាព គរ ស្ថិតនៅភូមិតាម៉ូត ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ កន្លងមក ឧកញ៉ា ខេមរៈ សិរីមន្ត និងភរិយា លោកជំទាវ គួយ ផល្លី បានចំណាយថវិកាជាច្រើនពាន់ដុល្លារ ក្នុងការជួយសាងសង់ក្លោងទ្វារនៃមណ្ឌលសុខភាពនេះ ព្រមទាំងការជួយឧបត្ថម្ភជាសម្ភារៈ និងបរិក្ខាជាច្រើនទៀតផងដែរ៕