នាព្រឹកថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន OCIC បានអញ្ជើញចូលរួមក្នុងពិធីហោះហើរសម្រាប់ Flight Inspection ឬការហោះហើរសាកល្បង របស់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ។
ពិធីនេះក៏មានការអញ្ជើញជាអធិបតីភាពពីលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏ដូចជាថ្នាក់ដឹកនាំនិងសមាជិកគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ និងតំណាងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC) និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់។
ការហោះហើរសម្រាប់ Flight Inspection ឬការហោះហើរសាកល្បងនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាប្រតិបត្តិការដើម្បីពិនិត្យមើលផ្នែកបច្ចេកទេស និងឧបករណ៍ចាំបាច់មួយចំនួនដែលបានបំពាក់រួច មានដូចជា ប្រព័ន្ធបញ្ជាចរាចរណ៍ដែនអាកាស(ATC) ប្រព័ន្ធឧបករណ៍ចុះចត(ILS/ DME) ឧបករណ៍នាំផ្លូវអាកាស(Air Navigation) ប្រព័ន្ធរ៉ាដា(Radar Approach) និងប្រព័ន្ធវិទ្យុទាក់ទងជាដើម ដើម្បីធានាថាឧបករណ៍ទាំងអស់នេះដំណើរការប្រកបដោយសុវត្ថិភាព ក្នុងការត្រៀមលក្ខណៈសម្រាប់ការហោះហើរជាផ្លូវការ នៅឆមាសទី១ ឆ្នាំ២០២៥ ខាងមុខ។
សូមជម្រាបថា បើតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គិតមកដល់បច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) TIA សម្រេចការងារសាងសង់ជារួមបានជាង ៨០% ដោយចំណាយទឹកប្រាក់សរុបគិតមកដល់ពេលនេះអស់ចំនួនប្រមាណ ១២០០ លានដុល្លារ ដែលជាការវិនិយោគក្នុងភាពជាដៃគូរវាងរដ្ឋ (SSCA) និងក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ៕