គោរមងារឧកញ៉ា សំដៅដល់ងារកិត្តិយស ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានដោយព្រះរាជក្រឹត្យទៅតាមលំដាប់ថ្នាក់ ដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍនិងកសាងជាតិ។ គោរមងារឧកញ៉ា មាន៣លំដាប់ថ្នាក់គឺ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា។ បើតាមទិន្នន័យដែលឧកញ៉ា ញូស៍ ទទួលបាន គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ នៅកម្ពុជាបច្ចុប្បន្នមាន «លោកអ្នកឧកញ៉ា» ចំនួន ៨រូប រួមមានដូចខាងក្រោម៖
១. លោកអ្នកឧកញ៉ា ពុង ឃាវសែ ៖ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន OCIC

២. លោកអ្នកឧកញ៉ា លី ហួរ ៖ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន លី ហួរ គ្រុប

៣. លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ៖ អគ្គនាយកក្រុមហ៊ុន LYP Group

៤. លោកអ្នកឧកញ៉ា ភាព ហៀក ៖ ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប

៥. លោកអ្នកឧកញ៉ា លាង ឃុន ៖ សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប

៦. លោកអ្នកឧកញ៉ា ស៊ី គង់ទ្រីវ ៖ នាយកក្រុមហ៊ុន ខេ ធី ប៉ាស៊ីហ្វិច គ្រុប លីមីធីត

៧. លោកអ្នកឧកញ៉ា ភូ ហុងស៊ួន ស៊ីគង់ទ្រីវ ៖ ម្ចាស់មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ និងផ្សារនាគមាស

៨. លោកអ្នកឧកញ៉ា ទ្រី ភាព ៖ អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប

ថ្មីៗនេះនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យផ្តល់គោរមងារជូន លោកជំទាវ គង់ បញ្ញា កូនស្រីសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ជា «លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា»។ ទោះយ៉ាងណា គោរមងារថ្មីនេះ មិនស្ថិតក្នុងចំណោមគោរមងារ «លោកអ្នកឧកញ៉ា» ដែលមានចែងក្នុងព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ានោះទេ ពោលគឺគោរមងារនេះ ជាគោរមងារពិសេសមួយដាច់ដោយឡែក សម្រាប់ផ្តល់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងព្រះបរមរាជវាំង។
សូមជម្រាបថា បើតាមអនុក្រឹត្យស្តីពីបែបបទ និងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា ដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ការផ្តល់គោរមងារជា «លោកអ្នកឧកញ៉ា» ត្រូវអនុវត្តចំពោះគោរមវន្តដែលបានទទួលគោរមងារជាអ្នកឧកញ៉ា យ៉ាងតិច ៥ឆ្នាំ មានអាយុយ៉ាងតិច ៤៥ឆ្នាំ និងផ្តល់អំណោយជាថវិកាជូនរដ្ឋ ក្នុងទំហំទឹកប្រាក់ចំនួន ១៦ ០០០ ០០០ ០០០ រៀល (ដប់ប្រាំមួយប៊ីលានរៀល) ប្រហែល ៤លានដុល្លារ ឡើងទៅ បន្ថែមពីលើសមិទ្ធផលផ្សេងទៀត ដែលជាអត្ថប្រយោជន៍សម្រាប់សង្គមជាតិ៕