នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមវេទិកាចំណេះដឹងពិភពលោក នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី ៩-១៣ ខែកញ្ញា ឆ្នាំ២០២៤។

តបតាមការអញ្ជើញរបស់ស្ថាបនិកនៃវេទិកាចំណេះដឹងពិភពលោក សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Journey Towards Coexistence)» ហើយនឹងអញ្ជើញចូលរួមកម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀត នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
សេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងទៀតថា គណៈប្រតិភូអញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន រួមមាន លោក អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសំខាន់ៗរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាផងដែរ៕

