តាមតួលេខបឋម មានប្រទីបក្រុមហ៊ុនអ្នកឧកញ៉ា ១រូបគត់ ចូលរួមជាមួយប្រទីបរបស់រដ្ឋ បណ្តែតអបអរសាទរព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៤

ជុំវិញ​ឧកញ៉ា

ប្រទីបក្រុមហ៊ុន វឌ្ឍនៈ ដែលមាន​អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជាសមាជិកក្រុមប្រឹក្សាភិបាល និងជា​អគ្គនាយក​ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី គឺជាប្រទីប​តំណាង​វិស័យ​ឯកជន​មួយ​គត់ ដែល​នឹង​ត្រូវ​ចូលរួម​បណ្តែត​អបអរសាទរ ក្នុង​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅខែវិច្ឆិកា ខាងមុខនេះ។ នេះ​បើ​តាម​តួលេខ​បឋម ពីគណៈកម្មាធិការជាតិ​រៀបចំបុណ្យជាតិ-អន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមផែនការ​​ស្តីពីការរៀបចំ​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ របស់​គណៈកម្មាធិការជាតិ​រៀបចំបុណ្យជាតិ-អន្តរជាតិ ចុះ​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំនួន​ប្រទីប​​​របស់​រដ្ឋ និង​វិស័យឯកជន ដែល​នឹង​ត្រូវ​បណ្តែត​អបអរសាទរ​ព្រះរាជពិធីបុណ្យអុំទូក​ឆ្នាំ២០២៤នេះ មាន​ចំនួន ៣២ប្រទីប រួមមាន៖

១.ប្រទីបព្រះបរមរាជវាំង ២.ប្រទីបព្រឹទ្ធសភា ៣.ប្រទីបរដ្ឋសភា ៤.ប្រទីបរាជរដ្ឋាភិបាល ៥.ប្រទីបក្រសួងយុត្តិធម៌ ៦.ប្រទីបក្រសួងការពារជាតិ ៧.ប្រទីបក្រសួងមហាផ្ទៃ ៨.ប្រទីបក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៩.ប្រទីបក្រសួងធម្មការ និងសាសនា ១០.ប្រទីបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
​១១.ប្រទីបក្រសួងអប់រំ យុវជន និងកីឡា ១២.ប្រទីបក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ១៣.ប្រទីបក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ១៤.ប្រទីបក្រសួងពាណិជ្ជកម្ម ១៥.ប្រទីបក្រសួងទេសចរណ៍ ១៦.ប្រទីបក្រសួងរ៉ែ និងថាមពល ១៧.ប្រទីបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ១៨.ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ១៩.ប្រទីបក្រសួងអភិវឌ្ឍន៍ជនបទ ២០.ប្រទីបក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

២១.ប្រទីបក្រសួងបរិស្ថាន ២២.ប្រទីបក្រសួងធនធានទឹក និងឧត្តុនិយម ២៣.ប្រទីបក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ២៤.ប្រទីបក្រសួងសាធារណការ និងដឹកជញ្ជូន ២៥.ប្រទីបក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២៦.ប្រទីបក្រសួងមុខងារសាធារណៈ ២៧.ប្រទីបរដ្ឋបាលរាជធានីភ្នំពេញ ២៨.ប្រទីបសហភាពសហព័ន្ធយុវជនកម្ពុជា ២៩.ប្រទីបក្រសួងផែនការ ៣០.ប្រទីបក្រសួងសុខាភិបាល ៣១.ប្រទីបក្រសួងព័ត៌មាន ៣២.ប្រទីបក្រុមហ៊ុន វឌ្ឍនៈ ។

គណៈកម្មាធិការជាតិ​រៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់បន្ថែមថា សម្រាប់ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាល​ខេត្ត និងក្រុមហ៊ុនឯកជន បើមាន​បំណង​ចង់ធ្វើ​ប្រទីប​ចូលរួម​បណ្តែត​អបអរសាទរ ក្នុងព្រះរាជពិធីបុណ្យ​ប្រពៃណី​ទំនៀមទម្លាប់ជាតិ ត្រូវដាក់ពាក្យស្នើសុំ និងផ្តល់គំនូស​រូបភាពប្រទីប និង​បទ​អត្ថាធិប្បាយ​របស់ប្រទីប​នីមួយៗ ផ្ញើមក​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការជាតិ​រៀបចំ​បុណ្យជាតិ-អន្តរជាតិ ឱ្យបាន​មុន​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា នៅ​តាម​ដង​ទន្លេសាប មុខ​ព្រះបរមរាជវាំង ដើម្បី​បើក​ឱកាស​ជូន​ប្រជារាស្ត្រ បាន​ចូលរួម​ទស្សនាកម្សាន្ត​សប្បាយរីករាយ ដោយមានការបណ្តែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ បុរាណ និងសម្តែង​សិល្បៈ ទាំង​៣រាត្រី៕