អ្នកឧកញ៉ា សៀ ឫទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group បានទទួលពានរង្វាន់សហគ្រិនអាស៊ានលើកទី៩ ឆ្នាំ២០២៤ ក្នុងសម័យប្រជុំសំណួរ-ចម្លើយនៃវេទិកាចំណេះដឹងពិភពលោក លើកទី២៥ នៅសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងឱកាសអញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា រួមជាមួយគណៈប្រតិភូកម្ពុជាជាច្រើនរូបទៀត អ្នកឧកញ៉ា សៀ ឫទ្ធី បានចូលរួមយ៉ាងសកម្ម ក្នុងនាមជាវាគ្មិន វគ្គសំណួរ-ចម្លើយ និងជាអ្នកទទួលរង្វាន់ ពីវេទិកាចំណេះដឹងពិភពលោក ដែលរៀបចំឡើងក្នុងរយៈពេល៣ថ្ងៃ នៅសាធារណរដ្ឋកូរ៉េ។
ការទទួលបានពានរង្វាន់សហគ្រិនអាស៊ានលើកទី៩ ឆ្នាំ២០២៤ គឺជាការទទួលស្គាល់លើការបង្កើត និងដឹកនាំអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត និងថាមវន្តជាច្រើនរបស់អ្នកឧកញ៉ា សៀ ឫទ្ធី នៅក្នុងតំបន់អាស៊ាន។
«យើងមានសេចក្តីរំភើបរីករាយ ដែលមាន អ្នកឧកញ៉ា សៀ ឫទ្ធី ចូលរួមជាមួយយើងនៅក្នុងវេទិកាឆ្នាំនេះ។ ទស្សនវិស័យរបស់អ្នកឧកញ៉ា សៀ ឫទ្ធី លើការរីកចម្រើននាពេលអនាគត និរន្តរភាព និងនិន្នាការបង្ហាញពីលទ្ធភាពជាច្រើន សម្រាប់អ្នកដែលកំពុងស្វែងរកប្រតិបត្តិការនៅក្នុងតំបន់ឆ្ពោះទៅមុខ»។ លោក Kim Jae-shin អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ បានថ្លែងក្នុងពិធី។
សូមជម្រាបថា អ្នកឧកញ៉ា សៀ ឫទ្ធី រួមជាមួយលោកអ្នកឧកញ៉ា អ្នកឧកញ៉ា គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញអមដំណើរសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Journey Towards Coexistence)» នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី ៩-១៣ ខែកញ្ញា ឆ្នាំ២០២៤៕

