សៀវភៅ «ធម្មជាតិក្នុងចិត្ត» បណ្តុះផ្នត់គំនិតឱ្យស្រលាញ់សន្តិភាព ធម្មជាតិ និងបរិស្ថាន ត្រូវបានសម្ពោធដាក់លក់ជាជាផ្លូវការ ក្រោមអធិបតីអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅបណ្ណាគារ អន្តរជាតិ សាខាទួលគោក ដោយមានការចូលរួមពីភ្ញៀវកិត្តិយស សមណនិស្សិត និស្សិត សាធារណជន និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។
ថ្លែងក្នុងពិធីសម្ពោធ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា សៀវភៅថ្មី ក្រោមចំណងជើង «ធម្មជាតិក្នុងចិត្ត» នេះ ជាសៀវភៅទី១២ហើយ ដែលបាននិពន្ធដោយអ្នកឧកញ៉ាផ្ទាល់។ សៀវភៅថ្មីនេះ បានបណ្តុះផ្នត់គំនិតឱ្យស្រលាញ់សន្តិភាព ធម្មជាតិ និងបរិស្ថាន ដែលរៀបរាប់ពីដំណើរអញ្ជើញចូលគាល់សម្តេចប៉ាប ពីសំណាក់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងតំណាងពុទ្ធសាសនិកកម្ពុជា នៅឯវិមានវ៉ាទីកង់ ក្នុងរាជធានីវ៉ាទីកង់ ប្រទេសម៉ូណាកូ កាលពីដើមឆ្នាំ២០២៣ កន្លងទៅ និងឆ្លុះបញ្ចាំងពីដំណើរអញ្ជើញទៅប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប។
អ្នកឧកញ៉ាបន្តថា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក តាមរយៈគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច បានប្រើរយៈពេលអស់ជិត២ឆ្នាំ និងចំណាយធនធានយ៉ាងច្រើនដើម្បីគាំទ្រដល់ដំណើរការផលិតសៀវភៅ «ធម្មជាតិក្នុងចិត្ត» មួយនេះ ឱ្យលេចចេញជារូបរាងឡើង។ ចំពោះរាល់ចំណូលពីការលក់សៀវភៅនេះ នឹងត្រូវបរិច្ចាគចូលមូលនិធិ ម៉េងលី ជេ. គួច ដើម្បីគាំទ្រដល់សកម្មភាពជួយសង្គ្រោះប្រជាជន ដែលងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា សៀវភៅ «ធម្មជាតិក្នុងចិត្ត» ដែលជាស្នាដៃថ្មីនេះ មានតម្លៃណាស់សម្រាប់បណ្តាអ្នកអាន ដើម្បីបង្កើនចំណេះដឹង សិក្សាស្រាវជ្រាវ និងស្វែងយល់បន្ថែមអំពីសន្តិភាព ការគោរពប្រតិបត្តិសាសនានៅកម្ពុជា និងការបង្កើតសន្តិភាពផ្លូវចិត្ត តាមជំនឿសាសនាដែលយើងគោរពផងដែរ។ សៀវភៅនេះ មានកម្រាស៣០០ទំព័រ មានតម្លៃត្រឹមតែ៣ ៤ ៩០០រៀល ឬ៨.៥ដុល្លារ ប៉ុណ្ណោះ ក្នុងមួយក្បាល៕