អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី អបអរសាទរសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី ក្នុងនាមជាប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានបង្ហោះសារសម្ដែងការអបអរសាទរដល់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសដែលសម្ដេចទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យ Dongguk University WISE ខេត្តឈៀងសាងបុកដូ នៃសាធារណរដ្ឋកូរ៉េ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី បានលើកឡើងថា «សូមសម្តែងនូវការអបអរសាទរដ៏ស្មោះស្ម័គ្របំផុតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសប្រកបដោយមហាកិត្តិយសដ៏ឧត្តុង្គឧត្តមដែល សម្តេចទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក “ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព” ពីសាកលវិទ្យាល័យ Dongguk University WISE ខេត្តឈៀងសាងបុកដូ នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤»។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានយល់ឃើញថា «ការទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនេះ ជាមហាកិត្តិយសដ៏ថ្លៃថ្លាឧត្តុង្គឧត្តមបំផុតសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្តិសមបំផុតចំពោះ សម្តេច ដែលបានដឹកនាំការតស៊ូប្រកបដោយវីរភាព ក្នុងការដណ្តើមបាននូវសន្តិភាព ការកសាង អភិវឌ្ឍន៍សង្គមកម្ពុជាទាំងមូល ព្រមទាំងបានកែប្រែប្រទេសកម្ពុជា ពីភាពដុនដាបខ្ទេចខ្ទាំដោយភ្លើងសង្គ្រាម ក្លាយទៅជាប្រទេសដែលមានកិត្តិនាម និងកិត្តិស័ព្ទស្មើមុខស្មើមាត់ ស្មើសិទ្ធិនៅក្នុងតំបន់ និងសកលលោក»។

ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះដែរ អ្នកឧកញ៉ា សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ ជួបប្រទះតែសេចក្តីសុខ សុភមង្គល ព្រមទាំងសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបជូនផងដែរថា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យ ជុងហ្គុក វ៉ាយស៍ ទីក្រុងឃ្យូងយូ ខេត្តឃ្យុងសាំងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ។

សម្ដេចតេជោ បានចាត់ទុកថាការទទួលបានសញ្ញាបត្រកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» នេះ គឺជាការទទួលស្គាល់អំពីការលះបង់បូជាគ្រប់បែបយ៉ាង រួមទាំងការដាក់ទុនអាយុជីវិតរបស់សម្តេចតេជោ ដើម្បីរំដោះជាតិពីក្រញ៉ាំនៃរបបប្រល័យពូជសាសន៍ និងការខិតខំកសាងជាតិឡើងវិញពីបាតដៃទទេ ទន្ទឹមនឹងការខិតខំកសាងសន្តិភាព ផ្សះផ្សា និងបង្រួបបង្រួមជាតិ ទម្រាំប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញបរិបូរណ៍ មានឯកភាពទឹកដី មានកម្លាំងប្រដាប់អាវុធតែមួយនៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ៕