ឧកញ៉ា អុឹង គីមហុង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ TLL រហ័សនាម «ឧកញ៉ាគួរអោយស្រឡាញ់» បានលើកឡើងថា ខ្សែកមាសទម្ងន់ ៤២តម្លឹង ដែលភរិយារបស់ខ្លួនបានទិញជាកាដូពិសេសជូន កាលពីប៉ុន្មានឆ្នាំមុន បើសិនលក់ចេញនៅពេលបច្ចុប្បន្ន អាចនឹងក្លាយជាអ្នកមាន ព្រោះតែហាងឆេងមាសឡើងថ្លៃ។

លោកឧកញ៉ា ម្ចាស់បុរី TLL និងហាងម៉ូតូ Honda រូបនេះ បានបង្ហោះរូបភាពពាក់ខ្សែកមាសទម្ងន់ជាង ១,៥គីឡូក្រាម ភ្ជាប់ជាមួយសារលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដូច្នេះថា៖ “ប៉ុន្មានឆ្នាំមុន ជំទាវតូចទិញខ្សែកមាសឱ្យទម្ងន់៤២តម្លឹង ១តំឡឹង តម្លៃ ១១៥០$ ឥឡូវឡើង ៣០០០$ជាង បើលក់វិញ ដឹងតែក្លាយជាអ្នកមានហើយ។ ឧកញ៉ាគួរអោយស្រឡាញ់បុរី TLL”។

គួររំឭកថា កាល២ឆ្នាំមុន លោកជំទាវឧកញ៉ា សុខ ស្រីអូន បាន Surprise លោកឧកញ៉ា អុឹង គីមហុង ដោយទិញជូនកាដូខ្សែកមាសសុទ្ធទម្ងន់សរុប ដល់ទៅជាងមួយគីឡូកន្លះ តម្លៃប្រមាណជាង ៩ម៉ឺនដុល្លារ គឺជាកាដូដ៏ពិសេស និងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងឱកាសថ្ងៃគម្រប់ ២០ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍។ ខ្សែកមាសដែលធំប្លែកខុសពីខ្សែកធម្មតានេះ មានលក្ខណៈពិសេសដោយច្នៃចេញជាម៉ូដក្បូរក្បាច់ជុំវិញយ៉ាងស្រស់ស្អាត ដោយនៅខាងលើបន្តោង គេឃើញមានរំលេចពាក្យមួយឃ្លា ដែលជារហ័សនាមហៅក្រៅ របស់លោកឧកញ៉ា គឺពាក្យថា “ឧកញ៉ាគួរអោយស្រលាញ់” និងនៅខាងក្រោមគេក៏ឃើញមាន រូប Logo តំណាងក្រុមហ៊ុន TLL។

សូមជម្រាបថា ចំណងអាពាហ៍ពិពាហ៍ជាង ២០ឆ្នាំ លោកឧកញ៉ា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ TLL និងលោកជំទាវឧកញ៉ា សុខ ស្រីអូន គិតមកទល់ពេលនេះ អ្នកទាំងពីរមានបុត្រាបុត្រីគួរឱ្យស្រលាញ់ចំនួន ៤នាក់ (កូនស្រី១ និងកូនភ្លោះប្រុស ៣)។ ក្រៅពីនេះ លោកឧកញ៉ា និងលោកជំទាវឧកញ៉ា ក៏មានមុខជំនួញជាច្រើននៅក្នុងដៃថែមទៀតផងដែរ៕


