ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីថ្លែងការណ៍បង្ហាញការសោកស្ដាយចំពោះការសម្រេចចិត្តដោយអយុត្តិធម៌របស់ក្រសួងរតនាគារសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងក្រុមហ៊ុន L.Y.P. Group របស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ព្រមទាំង អាជីវកម្មពាក់ព័ន្ធចំនួន៤ទៀត។

តាមរយៈសេចក្ដីថ្លែងការណ៍នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ការពឹងផ្អែករបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទៅលើរបាយការណ៍ការជួញដូរមនុស្សយកធ្វើ ជាមូលដ្ឋាននៃសកម្មភាពទាំងនោះពិតជាគួរឱ្យសោកស្តាយ និងនាំឱ្យមានការយល់ខុស។ របាយការណ៍ នេះមិនបានផ្តល់នូវរូបភាពដែលមានតុល្យភាព និងសុក្រឹតអំពីការប្តេជាចិត្តដ៏មុតមាំរបស់កម្ពុជាលើ ការគោរពសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរ មនុស្ស និង ពលកម្មដោយបង្ខំ។
សេចក្ដីថ្លែងការណ៍ដដែលនេះបានគូសបញ្ជាក់ថា វិធានការដែលត្រូវបានធ្វើឡើងដោយផ្អែកលើរបាយការណ៍ដែលមិនមានមូលដ្ឋានច្បាស់លាស់ ស្តីពីពលកម្មដោយបង្ខំក្នុងសកម្មភាពឆបោកតាមអនឡាញនេះ មានចេតនានយោបាយ និងផ្ទុយ ទាំងស្រុងពីស្មារតីនៃការពង្រឹងទំនាក់ទំនងទ្វេភាគី និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលត្រូវ បានបញ្ជាក់យ៉ាងច្បាស់ដោយឯកឧត្តម ឡយ ជេ អូស្ទីន (Lloyd J. Austin III) រដ្ឋមន្ត្រីការពារ ជាតិអាមេរិក ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា កាលពីខែមិថុនាកន្លងទៅ។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិគូសបញ្ជាក់ថា ការដាក់ទណ្ឌកម្មជាឯកតោ ភាគីនេះជាការមិនគោរពច្បាប់អន្តរជាតិ និងបទដ្ឋានគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ជាពិសេស គោលការណ៍សមភាពអធិបតេយ្យ និងការមិនជ្រៀតជ្រែកគ្នាទៅវិញទៅមក៕



