អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP បានប្រកាសបោះពុម្ពសៀវភៅ «គ្រឹះនៃជីវិត អ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» ដែលនិយាយពីជីវិតតស៊ូរបស់ខ្លួន ចេញលក់ជាផ្លូវការហើយ ក្នុងតម្លៃមួយក្បាលត្រឹម ៥០ដុល្លារប៉ុណ្ណោះ។

អ្នកឧកញ៉ាបណ្ឌិត បានលើកឡើងលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៧ ខែកញ្ញា ម្សិលមិញ យ៉ាងដូច្នេះថា៖ “សៀវភៅ «គ្រឹះនៃជីវិត អ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» ដែលមាន ២៣២ ទំព័រ ចាប់ផ្តើមបោះពុម្ពលក់ហើយ”។
តាមការបញ្ជាក់នាពេលកន្លងមក អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ធ្លាប់បានឱ្យដឹងថា សៀវភៅមួយក្បាលនេះជាការឆ្លៀតពេលខិតខំសរសេរពីបទពិសោធន៍ជីវិតរបស់លោក ហើយលោកធ្វើឡើងមិនមែនដើម្បីប្រាក់ចំណេញនោះទេ តែដើម្បីចែករំលែកឱ្យសាធារណៈជនបានសិក្សាស្វែងយល់ជាប្រយោជន៍។
អ្នកឧកញ៉ាបណ្ឌិត ក៏ធ្លាប់បានបញ្ជាក់ផងដែរថា អត្ថន័យក្នុងសៀវភៅ ដែលត្រូវបានសម្រិតសម្រាំងនេះ គឺផ្អែកទាំងស្រុងលើការពិត និងការអនុវត្តជាក់ស្ដែងនាពេលកន្លងមក និងបានចំណាយពេលដ៏មមាញឹកពីការធ្វើជំនួញសរសេរសៀវភៅនេះឡើងជិតមួយឆ្នាំ ទុកគ្រាន់ជាស្នាដៃ និងបទពិសោធន៍ សម្រាប់យុវជនជំនាន់ក្រោយឈ្វេងយល់ក្នុងវិថីជំនួញអចលនទ្រព្យឱ្យទទួលបានភាពជោគជ័យ ពិសេសដើម្បីលើកកម្ពស់ការអាននៅក្នុងប្រទេសកម្ពុជាផងដែរ។
សូមជម្រាបថា សៀវភៅ «គ្រឹះនៃជីវិត អ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» មានកម្រាស់ជាង ២៣០ទំព័រ។ ខ្លឹមសារសៀវភៅរៀបរាប់ពីជីវិតតស៊ូ ការកសាងសមត្ថភាព ផែនការអាជីវកម្ម ប្រមូលផ្តុំទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ពិសេសយុទ្ធសាស្ត្រក្នុងការធ្វើជំនួញក្នុងវិស័យអចលនទ្រព្យ៕


