លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន LYP Group និងលោកជំទាវ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ ប្រចាំឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅមជ្ឈមណ្ឌល ដឺ ព្រេមៀ សេនធ័រ សែនសុខ។

ព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍ដ៏ធំប្រចាំឆ្នាំ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកញ្ញា លើទីតាំងចំនួន៥អគារតែម្តងគឺ អគារ A, B, C, D និង E។ ព្រឹត្តិការណ៍នេះ មានកម្មវិធីបញ្ចុះតម្លៃមហាសាលជាច្រើនពីសំណាក់ដៃគូរសហការណ៍ឧបត្ថម្ភ ការប្រគុំ Concert ដោយមានការចូលរួមពីកំពូលតារាចំរៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា និងការសម្តែងសិល្បៈ ព្រមទាំងលេងហ្គេមកម្សាន្តដើម្បីយករង្វាន់ផ្សេងៗ។
លើសពីនេះ ក៏មាននៅស្តង់អាហារ និងភេសជ្ជៈជាច្រើនសម្រាប់បងប្អូនដែលចូលរួមទស្សនា និងមានសួនកុមារធំ ១០០០ម៉ែត្រការ៉េលេងដោយមិនគិតថ្លៃថែមទៀត។
គួរបញ្ជាក់ថា ពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ខាងលើនេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវអ្នកឧកញ៉ា លី អាផណ កូនស្រីលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ព្រមទាំងកូនប្រសាររបស់លោកគឺ អ្នកឧកញ៉ា សេង ញ៉ក់ អគ្គនាយកក្រុមហ៊ុន ដឺ ព្រេមៀ សេនធ័រ សែនសុខ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ៕



