កំពូលតារាចម្រៀង ខេម ចេញបកស្រាយថាខ្លួនជាប្រជាជនធម្មតា មិនទាន់មានងារជា «ឧកញ៉ា» ទេ

ជុំវិញ​ឧកញ៉ា

កំពូលតារាចម្រៀង ខេម តារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra ​បាន​ចេញ​​បកស្រាយ​ដល់​សាធារណជន​ឱ្យបាន​ជ្រាប​ថា បច្ចុប្បន្ន​ខ្លួន​ជា​ប្រជាជនធម្មតា​ម្នាក់​ ហើយ​​មិនទាន់មានងារជាឧកញ៉ា ដូចពាក្យចចាម​អារ៉ាម​​ខ្លះ​បាន​លើក​ឡើង​នោះ​ទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ចេញ​មក​បកស្រាយ​របស់​កំពូល​តារា​ចម្រៀង ខេម បាន​ធ្វើឡើង​បន្ទាប់ពី​ថ្មីៗនេះ មានសារព័ត៌មាន​​មួយ​ចំនួន​​ បាន​ចុះផ្សាយ​​ថា​ខ្លួន​​កំពុង​រៀបចំ​ទទួលបាន​ងារជាឧកញ៉ា។ ការចុះផ្សាយ​បែបនេះ ខេម បាន​លើកឡើង​ថា ជា​រឿង​មិនពិត​នោះទេ ហើយ​គេ​​បំភ្លៃ​ព័ត៌មាន​ដើម្បី​ជា​ប្រយោជន៍​​ប៉ុណ្ណោះ។

ខេម បាន​បញ្ជាក់​លើ​ទំព័រហ្វេសប៊ុក កាលពី​យប់​​ថ្ងៃទី២២ ខែកញ្ញា ​យ៉ាងដូច្នេះថា៖ “បងប្អូនជាទីស្រលាញ់ ថ្ងៃនេះសូមបញ្ចេញអារម្មណ៍ពិតមួយ មួយរយៈនេះមានព័ត៌មានជាច្រើន​ ចុះពីខ្ញុំទទួលបានងារជា ឧកញ៉ា
ខ្លះក៏ចុះថារៀបចំទទួលហើយ។ តើព័ត៌មានទាំងអស់នេះ​បានសំដីមកពីណា ហើយបងប្អូនមួយចំនួន​ក៏ជឿ​ស្លុងតាមព័ត៌មាននោះ ខ្លះក៏បានជេរប្រមាថខ្ញុំ អ្នកខ្លះក៏អបអរសាទរ។ ហេតុអីមិនសួរខ្ញុំផង ថាតើខ្ញុំយ៉ាងមិច​ហើយ ហើយខ្ញុំរាល់ថ្ងៃចឹងដូចគេប្រាប់ទេ រស់នៅចំណុចណា រាល់ថ្ងៃខ្ញុំជាអ្នកចម្រៀងម្នាក់ ហើយជាប្រជាជន​ធម្មតាដូចបងប្អូនដែរ”។

កំពូលតារាចម្រៀង ខេម បាន​បញ្ជាក់បន្ថែម​ថា ងារជា «ឧកញ៉ា» មិនអាក្រក់នោះទេ ប៉ុន្តែរាល់ព័ត៌មានដែលមិន​ចេញ​ពីមាត់​របស់​លោក សូមបងប្អូនកុំទាន់ជឿ ហើយ​អាចសួរលោក​បាន។ ទោះយ៉ាងណា លោក​មិនបន្ទោស​បងប្អូនទេ លោក​គួរបន្ទោសឬដាស់តឿនទៅខាងព័ត៌មាន ឬក៏វិបសាយនានា គួរឈប់ទៅ កុំដើម្បីប្រយោជន៍​មកបំភ្លៃព័ត៌មានបែបនេះ។

សូមជម្រាប​ថា លោក ខេម ជាកំពូល​តារាង​ចម្រៀង​មួយរូប​នៅកម្ពុជា ដែលបាន​ប្រឡូក​ក្នុងវិស័យសិល្បៈ​ចម្រៀង​ជាង១០ឆ្នាំ​មក​ហើយ។ ជានិច្ចកាល​លោក​តែងតែ​ចូលរួម​កិច្ចការងារ​សង្គម​ជា​ហូរហែ ពិសេស​ថ្មីៗ​នេះ​លោក​បាន​ដឹកនាំ​ក្រុមបាល់ទាត់​​​តារា​កម្ពុជា ធ្វើការ​ប្រកួត​ដើម្បី​​សប្បុរសធម៌​ជា​ច្រើន ទាំង​ជាមួយ​ថ្នាក់ដឹកនាំ​ជាតិ និង​បណ្តា​ខេត្ត​នានា ដែលធ្វើឱ្យមាន​មតិ​មួយ​ចំនួន​​យល់​ថា ខេម នឹង​អាច​ទទួលបាន​គោរមងារ​ឧកញ៉ា ឆាប់ៗផងដែរ៕