ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង និងឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាគុនខ្មែរកម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានធ្វើការណាត់ជួបសំណេះសំណាលជាមួយនឹងលោកគ្រូ ក្រាក់ សម្ផស្ស និងលោកគ្រូ មាស មើ ដើម្បីសម្រេចក្នុងការរៀបចំ ក្លឹបប្រដាល់ គុនខ្មែរ យូណាយធីត ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។
ក្លឹបប្រដាល់ គុនខ្មែរ យូណាយធីត របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលគ្រោងនឹងបើកដំណើរការ មានទីតាំងស្ថិតនៅក្នុងភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដឹកនាំដោយ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានចុះពិនិត្យទីតាំងសម្រាប់បើកក្លឹបប្រដាល់ គុនខ្មែរ យូណាយធីត ស្ថិតនៅក្នុង បុរីខេអេស រ៉េសុីដេន រួចរាល់ផងដែរ។
ជាមួយនឹងការប្រកាសបើកក្លឹបប្រដាល់នេះ លោកឧកញ៉ាបណ្ឌិត ធ្លាប់បានប្រកាសជ្រើសរើសគ្រូបង្វឹកអាជីពចំនួន ២ ឬ ៣នាក់ ដែលមានលក្ខណៈសម្បត្តិ ដូចជា៖ ១)ធ្លាប់ជាកីឡាប្រដាល់អាជីព និងធ្លាប់ប្រកួតលើស ១០០ ដង ២)មិនផឹកស្រា មិនជក់បារី និងមិនលេងល្បែងសុីសង ៣)ស្រលាញ់ប្រដាល់ និងចង់ចូលរួមធ្វើឱ្យ ខ្មែរ យូណាយធីត គុណខ្មែរ ក្លាយជាក្លឹបលេខមួយ នៅកម្ពុជា ត្រឹមឆ្នាំ២០៣០។ ដូច្នេះសមាសភាពលោកគ្រូ ក្រាក់ សម្ផស្ស និងលោកគ្រូ មាស មើ គឺសុទ្ធសឹងជាអតីតកីឡាករប្រដាល់អាជីព ដែលមានបទពិសោធន៍លើសង្វៀនលើសពី ១០០ដង ព្រមទាំងមានបទពិសោធន៍ជាច្រើនក្នុងការដឹកនាំហ្វឹកហាត់កីឡាករវ័យក្មេងជំនាន់ក្រោយ។
សូមជម្រាបថា បច្ចុប្បន្នលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺជាស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត (Khmer Real Estate Co., Ltd), ស្ថាបនិក និងជានាយកប្រតិបត្តិ KW Cambodia ដែលមានប្រភពមកពីអាមេរិក, ស្ថាបនិក និងជានាយកប្រតិបត្តិ បុរី វិមានសំណាង (Borey Vimean Samnang), ស្ថាបនិក និងជានាយកប្រតិបត្តិ បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence)។ លើសពីនេះ ក្នុងវិស័យកីឡា លោកឧកញ៉ាបណ្ឌិត ក៏ជាស្ថាបនិក និងប្រធានក្រុមបាល់ទាត់ពាក់កណ្តាលអាជីព Khmer United FC ផងដែរ៕