ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា (Royal Railway Cambodia) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែក និងជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង កំពុងត្រៀមខ្លួនដាក់ដំណើរការរថភ្លើងល្បឿនលឿន ដែលបានទិញពីប្រទេសជប៉ុន ម៉ាក Kiha 183 Heavy Snow ទាំង២ខ្សែ ភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ព្រះសីហនុ ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ។
តាមការបង្ហើបឱ្យដឹងពីក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា បច្ចុប្បន្នក្បាលរថភ្លើងល្បឿនលឿនម៉ាក Kiha 183 Heavy Snow ព្រមទាំងទូរដឹកអ្នកដំណើរ ដែលភ្ជាប់មកជាមួយកៅអីផាសុកភាព និងសម្ភារៈប្រណិតៗ បានរៀបចំរួចរាល់អស់ហើយ។ ក្រុមហ៊ុន បានបង្ហើបឱ្យដឹងទៀតថា រថភ្លើងល្បឿនលឿននេះ នឹងអាចដាក់ឱ្យដំណើរការក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ខណៈដែលតម្លៃសំបុត្រធូរថ្លៃសមរម្យ ដោយភ្នំពេញ ទៅព្រះសីហនុ តម្លៃ ១០ដុល្លារ និងភ្នំពេញ ទៅប៉ោយប៉ែត ត្រឹមតែ ១៥ដុល្លារប៉ុណ្ណោះ។
សូមជម្រាបថា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដោយបានដឹកតាមកប៉ាល់ពីតំបន់ហុកកៃដូ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ និងបានមកដល់កំពង់ផែក្រុងព្រះសីហនុ កាលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ព្រមទាំងបានរៀបចំអស់រយៈពេលជាច្រើនខែមកហើយ ដើម្បីត្រៀមដំណើរការជាផ្លូវការ។ រថភ្លើងដឹកអ្នកដំណើរម៉ាក Kiha 182 Heavy Snow ត្រូវបានគេដឹងថា អាចរត់បានល្បឿនដល់ ១១០គីឡូម៉ែត្រក្នុងមួយម៉ោង៕