លោកអ្នកឧកញ៉ា ពុង ឃាវ សែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា នារសៀលថ្ងៃទី២៧ ខែកញ្ញានេះ បានដឹកនាំសមាជិក សមាជិកាសមាគម ចូលជួបសម្តែងការគួរសម និងប្រគល់ថវិកាគាំទ្រដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កាលព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា គិតមកដល់ពេលនេះ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ទទួលបានថវិកាជាង ២១ លានដុល្លារហើយ ខណៈសម្តេចអះអាងថា ថវិកានេះនឹងត្រូវយកទៅបន្តអភិវឌ្ឍខេត្តតាមបន្ទាត់ព្រំដែន ជាពិសេសខេត្តទិសឦសានទាំង៤របស់កម្ពុជា។ សម្តេចបានបន្ថែមថា ទោះបីកម្ពុជាបញ្ចប់កិច្ចសហប្រតិបត្តិការ CLV-DTA ប៉ុន្ដែកម្ពុជាមិនបានបញ្ចប់គោលដៅធំរបស់ខ្លួន ក្នុងការអភិវឌ្ឍខេត្តតាមបន្ទាត់ព្រំដែននោះទេ។
សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕





