មកដឹងពីចំនួនថវិការបស់សមាគមសម្ព័ន្ធខ្មែរ-ចិន ដែលលោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រគល់ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត

ជុំវិញ​ឧកញ៉ា

កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ម្សិលមិញនេះ លោកអ្នកឧកញ៉ា ពុង ឃាវសែ បានដឹកនាំសមាជិក សមាជិកានៃសមាគម​សម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ចូលជួបសម្តែងការគួរសម និងប្រគល់ថវិកាគាំទ្រដល់មូលនិធិ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធតាម​ព្រំដែន ដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅវិមាន​សន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធាន​សមាគម​សម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បាន​ថ្លែង​ជម្រាបជូន​ដល់​សម្តេច​ធិបតី ឱ្យបានដឹងថា បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​ប្រកាស​បង្កើត​មូលនិធិ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធតាម​ព្រំដែន សមាគម​សម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បាន​បើក​យុទ្ធនាការ​កៀរគរ​​ដល់​សមាជិក សមាជិកា ​​ហើយ​ទទួលបាន​ការ​ចូលរួមគាំទ្រ​សរុបចំនួន ៧៤,១៥៣នាក់។ លោក​អ្នកឧកញ៉ាប្រធាន​សមាគម​ បាន​បន្ថែម​ទៀត​ថា ក្នុងនោះសមាគម​ ទទួលបានថវិកាពី​​សប្បុរសជន​ដែលជា​សមាជិក សមាជិកា របស់ខ្លួន​ ជាប្រាក់ដុល្លារ ៣១១,៧៧៤.៧៨ដុល្លារ​ និង ប្រាក់រៀល ៤៧៩,២៥២,៨៩៥រៀល ដោយ​សរុបថវិកាជារួម បានប្រមាណជិត ៤៣ម៉ឺនដុល្លារអាម៉េរិក។​​

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងក្នុងពិធី​ប្រគល់​សញ្ញាបត្រជូននិស្សិតសាកល​វិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កាលព្រឹក​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤​ ថា គិតមកដល់​ពេលនេះ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ទទួលបានថវិកាជាង ២១ លានដុល្លារហើយ ខណៈ​សម្តេចអះអាងថា ថវិកានេះនឹងត្រូវយកទៅបន្តអភិវឌ្ឍខេត្តតាមបន្ទាត់ព្រំដែន ជាពិសេសខេត្តទិសឦសាន​ទាំង៤របស់កម្ពុជា។ សម្តេចបានបន្ថែមថា ទោះបីកម្ពុជាបញ្ចប់កិច្ចសហប្រតិបត្តិការ CLV-DTA ប៉ុន្ដែកម្ពុជាមិន​បានបញ្ចប់គោលដៅធំរបស់ខ្លួន ក្នុងការអភិវឌ្ឍខេត្តតាមបន្ទាត់ព្រំដែននោះទេ។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាង​ហេដ្ឋា​រចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បី​កៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ​នានា នៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាស​ឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅ​ប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាល​នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតី​មហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខ​សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការ​ជំរុញ​ការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យ​បានកាន់តែ​រឹងមាំ និងប្រកបដោយចីរភាព៕