អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស បានបង្ហាញហេតុផលចំនួន៦យ៉ាង ដែលធ្វើឱ្យក្រុមហ៊ុនរបស់អ្នកឧកញ៉ា ក្លាយជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជា។
អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងលើបណ្ដាញសង្គមផ្ទាល់ខ្លួន នាពេលថ្មីៗនេះថា កាលពី១៨ឆ្នាំមុន វិរៈប៊ុនថាំ គឺជាក្រុមហ៊ុនដំបូងគេបង្អស់ និងតែមួយគត់ដែលបានបញ្ជូនរថយន្ដក្រុងធម្មតា កែច្នៃទៅជារថយន្ដក្រុងមានគ្រែគេងនៅប្រទេសថៃ ហើយអ្នកឧកញ៉ា ក៏បានបន្ដអភិវឌ្ឍន៍គុណភាពរថយន្ដដោយខ្លួនឯងនៅក្នុងប្រទេសកម្ពុជា។
អ្នកឧកញ៉ា បានបន្ដថា មកទល់ពេលនេះ រថយន្ដក្រុងដែលមានគ្រែគេង បានរីកសុះសាយពេញប្រទេសកម្ពុជា ហើយបានទទួលនូវប្រជាប្រិយភាពយ៉ាងខ្លាំងសម្រាប់ភ្ញៀវជាតិ និងអន្ដរជាតិ។
ជាមួយនឹងការលើកឡើងខាងលើនេះ អ្នកឧកញ៉ា បានបង្ហាញហេតុផលចំនួន៦យ៉ាង ក្នុងចំណោមហេតុផលជាច្រើនដែលវីរៈប៊ុនថាំ តែងតែឈានមុខគេរាល់អាជីវកម្មដែលក្រុមហ៊ុនមាន។ អ្នកឧកញ៉ា បានបង្ហាញថា ហេតុផលទី១ នៅគឺ ក្រុមហ៊ុនតែងតែធ្វើអ្វីដែលអ្នកដទៃគិតមិនដល់ ឬគិតដល់តែមិនហ៊ានធ្វើ, ២. មិនធ្វើអាជីវកម្មចំលងពីអ្នកដទៃ, ៣. ធ្វើអ្វីដែលថ្មី ហើយជាតម្រូវការចាំបាច់ក្នុងរយៈពេលយូរ, ៤. ហ៊ានប្រថុយប្រថានខ្ពស់ តែច្បាស់លាស់ក្នុងអាជីវកម្ម, ៥. តែងតែជឿរជាក់ថាគ្រប់យ៉ាងថាក្រុមហ៊ុនអាចធ្វើបាន ដរាបណាក្រុមហ៊ុនធ្វើការជាក្រុម ហើយមានការលះបង់ខ្ពស់ដើម្បីសម្រេចគោលដៅថ្មីៗ, ៦. ក្រុមហ៊ុនតែងតែយកចិត្ត និងយកបេះដូងមកធ្វើជាភាសាអាជីវកម្ម។
ទន្ទឹមនឹងលទ្ធផលជាទីពេញចិត្ដនេះ អ្នកឧកញ៉ា សួរ វីរៈ ក៏បានថ្លែងអំណរគុណដល់គ្រួសារវីរៈប៊ុនថាំទាំងអស់ ដែលបានលះបង់ ដើម្បីក្រុមហ៊ុនរហូតមកដល់ថ្ងៃនេះ។
សូមជម្រាបថា បច្ចុប្បន្នអ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស និងជាម្ចាស់រីសត ជាច្រើនកន្លែង រួមទាំង កោះស្តេចរីសត, កោះអភិជន រីសត, ភីដូម៉ា រីសត (Pidoma Resort) និងឧទ្យានបោះតង់គិរីរម្យ ព្រមទាំងរីសត ជាច្រើនកន្លែងទៀត៕