អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ រួមជាមួយសមាជិកសមាគមឧកញ៉ាកម្ពុជា បានចូលរួមសកម្មភាពផ្សព្វផ្សាយកាលានុវត្តភាពវិនិយោគកម្ពុជាជូនដល់អ្នកធុរកិច្ចកាណាដាប្រមាណ៦០នាក់។សកម្មភាពផ្សព្វផ្សាយនេះ ធ្វើឡើងក្រោមការដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល បានទៅកាន់ទីក្រុងម៉ុងត្រេអាល់ ប្រទេសកាណាដា ដោយចូលជួបជាមួយសមាគមវិនិយោគិនកាណាដា ដើម្បីផ្សព្វផ្សាយអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា សំដៅជំរុញការវិនិយោគមកកាន់កម្ពុជាឱ្យបានច្រើន។
ជាកិច្ចចាប់ផ្ដើម លោក ស៊ុន ចាន់ថុល បានចែករំលែកអំពីព័ត៌មានជាមូលដ្ឋាននានាសម្រាប់កិច្ចការងារវិនិយោគនៅកម្ពុជា ជូនដល់វិនិយោគិនទាំងអស់ដែលបានចូលរួម។ បន្ថែមពីនេះ ក្រៅអំពីសក្ដានុពលដែលលោក ក៏បានបង្ហាញឡើងដោយតំណាងរដ្ឋាភិបាលកម្ពុជា ក៏មានការចូលរួមចែករំលែកបទពិសោធន៍ជោគជ័យរបស់វិស័យឯកជនទាំងកម្ពុជា និងកាណាដាផ្ទាល់ដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ ជាក់ស្ដែង ក៏បានមានការចូលរួមចែករំលែកបទពិសោធន៍ជោគជ័យពីលោក David Pellerin អំពីអាជីវកម្ម Circle K របស់ខ្លួន នៅប្រទេសកម្ពុជាផងដែរ។
សូមបញ្ជាក់ដែរថា នៅក្នុងដំណើរចេញទៅគោះទ្វារវិនិយោគិនកាណាដានេះដែរ ឃើញថា គណៈប្រតិភូកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយស្ថាប័ន និងក្រុមហ៊ុនល្បីឈ្មោះរបស់កាណាដាជាច្រើន។ នៅក្នុងឱកាសនោះ ប្រតិភូកម្ពុជា ក៏បានរំលេចអំពីសក្តានុពលរបស់កម្ពុជា រួមមាន៖ ស្ថិរភាពនយោបាយ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹង, កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត, រាជរដ្ឋាភិបាលដែលមានទំនោរគាំទ្រដល់ការរីកលូតលាស់នៃធុរកិច្ចឯកជន, របបវិនិយោគដែលមានភាពទាក់ទាញ និងអនុគ្រោះ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា ដើម្បីអន្ទង់ចិត្តអ្នកវិនិយោគកាណាដាឱ្យចាប់អារម្មណ៍កម្ពុជាផងដែរ៕ អត្ថបទ៖ រង្សី