អាចនិយាយបានថានេះជាលើកដំបូងហើយសម្រាប់ការប្រគំតន្រ្តីនៅ សហរដ្ឋអាមេរិក ដែលមានអ្នកចូលរួមទស្សនារហូតដល់ទៅរាប់ម៉ឺននាក់ រហូតធ្វើឱ្យកំពូលតារាចម្រៀងលោកឧកញ៉ា ខេមរៈ សិរីមន្ត រំភើបចិត្តស្ទើរស្រក់ទឹកភ្នែកជាមួយការប្រគំតន្រ្តីនេះ ។

ការប្រគំតន្រ្តីដ៏ធំដែលរៀបចំឡើង កាលពីថ្ងៃទីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៤ នៅទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ ក្នុងកម្មវិធី The Inaugural Cambodia Day ដែលមានតារាចម្រៀងខ្មែរជាច្រើនចូលរួមនោះ ពិតជាទទួលបានការគាំទ្រច្រើនពីសំណាក់បងប្អូនប្រជាជនខ្មែររាប់ម៉ឺននាក់ ។ ក្នុងនោះដែរ កំពូលតារាចម្រៀងលោកឧកញ៉ា ខេមរៈ សិរីមន្ត បាន គ្រងនូវឈុតសម្លៀកបំពាក់ដែលច្នៃយ៉ាងប្រណិតពីស្នាដៃកូនខ្មែរ ដើម្បីបង្ហាញមហាជន អមជាមួយការច្រៀងបទចម្រៀងថ្មីចាស់ជាច្រើន តម្រូវតាមចិត្តអ្នកគាំទ្រ ។ សម្លេងស្រែកហ៊ោកញ្ជ្រៀវ និងទះដៃរបស់បងប្អូនខ្មែររាប់ម៉ឺននាក់ពិតជាធ្វើឱ្យសិល្បករសិល្បការិនី ខ្មែរ រំភើបចិត្តក្រៃលែង ។

កំពូលតារាចម្រៀងលោកឧកញ៉ា ខេមរៈ សិរីមន្ត បានប្រាប់ថា លោកពិតជារំភើបចិត្ត និងមានមោទនភាពខ្លាំងនៅពេលដែលឃើញបងប្អូនខ្មែររាប់ម៉ឺននាក់ចូលរួមទស្សនាការប្រគំតន្រ្តី ដើម្បីផ្តល់ជាកម្លាំងចិត្តដល់សិល្បករខ្មែរ ។ នេះជាការប្រគំតន្រ្តីលើកដំបូងហើយដែលមានអ្នកចូលរួមទស្សនាច្រើនកុះករបែបនេះ ។
កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត នៅតែទទួលការគាំទ្រពីសំណាក់ប្រជាជនខ្មែរនៅលើទឹកដី អាមេរិក មិនចាញ់កាលពីប៉ុន្មានឆ្នាំមុនដែលលោកចេញទៅសម្តែងនៅទីនោះឡើយ ជាពិសេសការប្រគំតន្រ្តីដ៏អស្ចារ្យមួយនេះ កាន់តែបង្ហាញឱ្យឃើញថា តារាចម្រៀងខ្មែរម្នាក់ៗពិតជាខ្លាំងមិនធម្មតាទេ ៕


