ឧកញ៉ា គិត ស៊ូឡា នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ដែលជាកូនប្រុសច្បងរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ចប់ការសិក្សាពីសាលា Hwa Chong International School (HCIS) ដែលជាសាលាដ៏ល្បីល្បាញមួយរបស់ប្រទេសសិង្ហបុរី។ នេះបើតាមការបង្ហាញឱ្យដឹងពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤នេះ។
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានបង្ហោះរូបភាពភ្ជាប់ជាមួយសារអបអរសាទរនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃសៅរ៍នេះយ៉ាងដូច្នេះថា៖ “ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប សូមចូលរួមអបអរសាទរដល់ ឧកញ៉ា គិត ស៊ូឡា នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ចំពោះសមិទ្ធិផលដ៏អស្ចារ្យនេះ ក្នុងការបញ្ចប់ការសិក្សា! សមិទ្ធិផលនេះគឺជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ឧកញ៉ា គិត ស៊ូឡា ដែលផ្តល់ការបំផុសគំនិតដល់យើងនៅក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប”។
គួររំឭកថា កាលខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាភិបាលនិងគណៈគ្រប់គ្រងធនធានមនុស្ស របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានតែងតាំង លោកឧកញ៉ា គិត ស៊ូឡា ជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ។
អ្នកឧកញ៉ា គិត ម៉េង ដែលជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ នៅពីក្រោយក្រុមហ៊ុន រ៉ូយាល់ គ្រុប បានថ្លែងថា៖ “ជាងបីទសវត្សរ៍មកនេះ ខ្ញុំបានកសាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ឱ្យក្លាយជាក្រុមហ៊ុនពហុផលិតផលឈានមុខគេ ដែលមានម៉ាកយីហោត្រូវបានទទួលស្គាល់បំផុតនៅក្នុងប្រទេស។ ថ្ងៃនេះ ខ្ញុំមានមោទនភាពក្នុងការប្រកាសថា គិត ស៊ូឡា នឹងចូលរួមជាមួយ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប”។
សូមជម្រាបថា ឧកញ៉ា គិត ស៊ូឡា វ័យ១៩ឆ្នាំ បានទទួលការអប់រំនៅសាលាអន្តរជាតិន័រប្រ៊ីដ ក្នុងប្រទេសកម្ពុជា និងបានបន្តការសិក្សា នៅសាលាអន្តរជាតិ Hwa Chong ដែលជាសាលាដ៏ល្បីល្បាញមួយក្នុងប្រទេសសិង្ហបុរី។ ក្នុងតួនាទីថ្មី របស់លោកជានាយក គ្រប់គ្រងផ្នែកប្រតិបត្តិការ លោកឧកញ៉ា គិត ស៊ូឡា នឹងកាន់តំណែងសំខាន់នេះ ក្នុងការបង្កើតឱ្យកាន់តែមានភាពចម្រុះ និងធ្វើឱ្យចំណូលក្រុមហ៊ុនប្រសើរទ្បើងនៅក្នុងពិភពឌីជីថល៕