លោកជំទាវឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប ឯ.ក (ACE Group Co.,LTD) និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា បានបង្ហើបឱ្យដឹងថា ខ្លួនជាប្រជាពលរដ្ឋម្នាក់ដែលស្រឡាញ់ខេត្តកែប និងមួយខែទៅលេងដល់ទៅ ១៥ថ្ងៃ ទៅ២០ថ្ងៃឯណោះ ព្រោះតែយល់ថាខេត្តកែប មានអ្វីៗគ្រប់យ៉ាង។

លោកជំទាវឧកញ៉ា បានលើកលើងលើបណ្តាញសង្គម កាលចុងខែកញ៉ា ឆ្នាំ២០២៤ យ៉ាងដូច្នេះថា៖ “ខ្ញុំជាពលរដ្ឋម្នាក់ដែលស្រឡាញ់និងទៅលេងខេត្តកែប ក្នុង១ខែ ១៥ថ្ងៃ ទៅ២០ថ្ងៃ។ មូលហេតុដែលខ្ញុំសាងសង់ផ្ទះនិងមកលេងកែប គឺដោយសារខេត្តកែប មានគ្រប់យ៉ាងដែលខ្ញុំចង់បាន។ ធម្មជាតិ សមុទ្រ ភ្នំ និងបរិយាកាសបរិសុទ្ធ កែបមានទាំងអស់”។
ជំទាវឧកញ៉ា នឹម វណ្ណៈ បានបន្តថា សម្រាប់លោកជំទាវជាមនុស្សធ្វើការច្រើនជាពិសេសតាមអនឡាញ១៥ម៉ោងក្នុង១ថ្ងៃ ដូច្នេះពិតជាចូលចិត្តធ្វើការផង មានភ្នំ សមុទ្រជុំវិញហាក់នាំឱ្យអារម្មណ៍មិនតានតឹងដូចធ្វើការនៅទីក្រុងនោះឡើយ។ ទោះយ៉ាងណា អ្វីដែលលោកជំទាវមើលឃើញ កែប ជាខេត្តដែលគួរឱ្យស្រឡាញ់បំផុត របស់ប្រជាពលរដ្ឋតាមបណ្តាខេត្តនានា ហើយអ្វីដែលធ្វើឱ្យគេមិនសូវចង់មកនោះ គឺអាចមកពីកត្តាមួយចំនួនដែរ ដូចជា៖
ទី១ ម្ហូបថ្លៃជាងបរិមាណដែលបានទទួល។
ទី២ សេវាកម្មស្រែកហៅឡានចូល និង ទាញម៉ូត ចូលហាង នាំអោយភ្ញៀវបាត់បង់អារម្មណ៍ចង់កំសាន្ត។
ទី៣ ផ្លូវងងឹតច្រើន គួរអាជ្ញាធរពាក់ព័ន្ធដាក់សូឡាឱ្យបានគ្រប់ផ្លូវ ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ហើយកែបជាកន្លែងទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
ទី៤ តាមឆ្នេរមិនគួរយកលុយសេវាសម្រាប់ការប្រើប្រាស់បន្ទប់ទឹកនោះទេ ដែលនេះជាផ្នែកមួយដើម្បីទាក់ទាញភ្ញៀបជាតិនិងអន្តរជាតិផងដែរ។
ទី៥ ស្តាប់មហាជន ពួកគាត់តិះទៀនដើម្បីស្ថាបនា ពួកគាត់មិនមែនបក្សប្រឆាំងនោះទេ ពួកគាត់ស្រលាញ់បានគាត់មកលេងកែប ហើយស្នើរសុំកែតម្រូវសេវាកម្មដែលមិនល្អក្នុងខេត្តកែបទាំងមូល ឱ្យមានការប្រសើរជាងនេះ គឺដើម្បីជាតិនិងប្រជាជនយើងទាំងអស់។
មួយរយៈពេលកន្លងមកនេះមានការិះគន់ផ្សេងៗ និងបញ្ហាមួយចំនួនតូចពាក់ព័ន្ធទៅនឹងតម្លៃម្ហូបអាហារ នៅខេត្តកែប។ ទោះយ៉ាងណា លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងអាជ្ញាធរមូលដ្ឋាន បានខិតខំយ៉ាងខ្លាំង សំដៅធ្វើយ៉ាងណាឱ្យខេត្តកែបកាន់តែមានភាពទាក់ទាញ និងខិតខំបង្កើនការអភិវឌ្ឍបន្ថែមនូវតំបន់សក្ដានុពលទេសចរណ៍នានា។
សូមជម្រាបថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានចូលទៅទស្សនា សម្រាកលម្ហែកម្សាន្តយ៉ាងច្រើនកុះករនៅខេត្តកែប មានចំនួន ៧៩,៥៣៨នាក់ កើនឡើងប្រមាណ ២៦.១១% (១៦,៤៧២នាក់) បើប្រៀបធៀបនឹងឆ្នាំ២០២៣៕

