ថ្វីដ្បិតតែត្រឡប់មកពីសម្តែងនៅ សហរដ្ឋអាមេរិក វិញជាច្រើនថ្ងៃរួចក្តី កំពូលតារាចម្រៀងលោកឧកញ៉ា ខេមរៈ សិរីមន្ត នៅតែមានអារម្មណ៍នឹកនា អ្នកគាំទ្រ និងទឹកដីអាមេរិក រហូតបានបង្ហោះវីដេអូកំប្លែងសើច សប្បាយ និងបានបញ្ចេញនូវសាច់ដុំទាំងកង់ៗ ជាមួយលោក ឌី សៅរ៍ អមដោយគុនល្បុក្កតោខ្មែរ ។
វីដេអូដែលលោកឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះនេះពិតជាផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន អ្នកខ្លះមើលហើយក៏អស់សំណើច ខ្លះសើរសើរថាលោកមានរូបរាង និងសាច់ដុំល្អ អ្នកខ្លះទៀតថាលោកឧកញ៉ា ខេមរៈ សិរីមន្ត ពិតជាមានគំនិតល្អក្នុងការផ្សព្វផ្សាយពីគុនល្បុក្តតោខ្មែរឱ្យកាន់តែទូលំទូលាយ និងឱ្យពិភពលោកបានស្គាល់ ។
កំពូលតារាចម្រៀងលោកឧកញ៉ា ខេមរៈ សិរីមន្ត បានរៀបរាប់ថា « គុនខ្មែរ ល្បុក្កតោនៅ សហរដ្ឋអាមេរិក អរគុណប្អូន ឌីសៅរ៍ និងលោកគ្រូ Kenya Prach ដែលបានបង្ហាត់បង្រៀនកូន ខ្មែរ ក៏ដូចជាជនជាតិបរទេសឲ្យស្គាល់គុនខ្មែល្បីពេញពិភពលោក » ។
កំពូលតារាចម្រៀងលោកឧកញ៉ា ខេមរៈ សិរីមន្ត បានធ្វើឱ្យអ្នកគាំទ្ររាប់ម៉ឺននាក់នៅទឹកដី អាមេរិក ពេញចិត្តនិងលោកជាខ្លាំង បន្ទាប់ពីមានវត្តមាននៅក្នុងការប្រគំតន្រ្តីដ៏ធំមួយនៅទីនោះកាលពីពេលថ្មីៗនេះ សូម្បីតែរូបលោកផ្ទាល់ រំភើបចិត្តស្ទើរស្រក់ទឹកភ្នែកនៅពេលដែលឃើញទិដ្ឋភាពបែបនោះ ។ គួរបញ្ជាក់ផងដែរថា គ្រាន់តែកំពូលតារាចម្រៀងលោកឧកញ៉ា ខេមរៈ សិរីមន្ត ត្រឡប់មកពីសម្តែងនៅ សហរដ្ឋអាមេរិកវិញ លោកចាប់ផ្តើមមាញឹកនៅក្នុងការងារចម្រៀងភ្លាម ជាក់ស្តែងគ្រាន់តែលោកមកដល់ស្រុកភ្លាម លោកបានចេញមុខក្នុងឆាកប្រគំតន្រ្តីជាបន្តបន្ទាប់ទៅតាមការសំណូមពររបស់អ្នកគាំទ្រ ហើយលោកក៏ត្រៀមនឹងចេញបទចម្រៀងថ្មីៗទៀត ដើម្បីវាយលុយទីផ្សារចម្រៀង នាពេលបច្ចុប្បន្ន ៕