សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញមកទម្លាយពីករណីឆបោកជាច្រើនករណីរបស់អ្នកឧកញ៉ា លី សាម៉េត (ហៅគ្រូមា) ព្រមទាំងស្នើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ បង្កកទ្រព្យសម្បត្តិរបស់លោក លី សាម៉េត។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យអ្នករងការចាញ់បោកអ្នកឧកញ៉ា លី សាម៉េត ទាំងអស់ដាក់ពាក្យបណ្តឹង ដោយក្រុមមេធាវីរបស់សម្តេចមានលោក គី តិច ជាប្រធាន រង់ចាំពាក្យបណ្តឹង។

សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានចេញសារលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា៖ “ដោយរឿងច្រើនពេកថ្ងៃនេះខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់លោកលី សាម៉េត(ហៅគ្រូមា)។ លី សាម៉េតតែងប្រើឈ្មោះខ្ញុំដើរ បោកប្រាស់គេរហូតថាយកលុយដែលបោកប្រាស់បានយកមកជូនខ្ញុំទៀតផង ដោយប្រាប់គេថាខ្លួនចេញចូលផ្ទះខ្ញុំក្នុងពេលណាក៏បានក្នុងពេលដែលលី សាម៉េតមិនដឹងថាផ្ទះខ្ញុំបែរមុខទៅខាងណាផង”។
“ឆ្នាំ២០២២ លី សាម៉េត បោកលុយឈ្មោះសុខ ឡេង ១០លានដុល្លារ ថាយកមកឲ្យខ្ញុំតែពេលសុខ ឡេងផ្តាំឲ្យសួរខ្ញុំតាមកូនចិញ្ចឹមខ្ញុំទ្រី សុខាទើបខ្ញុំដឹងក៏ទាមទារពីលី សាម៉េតប្រគល់ឲ្យសុខ ឡេងវិញទាំងអស់ដោយពេលនោះយកលី សាម៉េតទៅសួរចម្លើយ និងប្រគល់ទទួលប្រាក់នៅស្នងការនគរបាលក្រុងភ្នំពេញ។ មុននេះប៉ុន្មានថ្ងៃខ្ញុំបានប្រាប់ទៅលី សាម៉េតឲ្យសងលុយទៅមួង ឃីម ចំនួន២៣មុឺនដុល្លារក្រោយមួង ឃីមបញ្ជូនសារជាវីដេអូមកខ្ញុំអមដោយសារសម្លេងឆ្លងឆ្លើយគ្នា(បានសងរួចហើយ)”។

សម្តេចបានបន្តថា៖ “ថ្ងៃនេះខ្ញុំទទួលវីដេអូពីលោក កន សុខកាយ អភិបាលស្រុកល្វាឯមថាលី សាម៉េតបានយកប្រាក់ពីគាត់ចំនួន៣០មុឺនដុល្លារ ដើម្បីរត់ការឲ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។ ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំជានាយករដ្ឋមន្ត្រី៣៨ឆ្នាំនិងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាចជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមានព្រះមហាក្សត្រខ្ញុំធ្លាប់ចុះហត្ថលេខាតែងតាំងនិងដំឡើងសក្តិមន្ត្រីរាប់មុឺននាក់ទាំងសុីវិលនិងកងកម្លាំងប្រដាប់អាវុធ។ ខ្ញុំមិនដែលទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយមិនថាតាមការស្នើសុំឬតាមសំណូកណាមួយនោះឡើយ។ ផ្ទុយទៅវិញមន្ត្រីមួយចំនួនទទួលបានការតែងតាំងហើយទទួលបានការជួយពីខ្ញុំថែមទៀតដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ។ ករណីលី សាម៉េតអាចនៅមានមនុស្សច្រើនទៀតដែលចាញ់បោកគាត់ក្រោមរូបភាពយកឈ្មោះខ្ញុំទៅប្រើ”។

ដើម្បីជម្រះបញ្ជីមួយនេះតាមរបៀបពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង សម្តេចសូមស្នើ៖
១.រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ធ្វើការជាមួយតុលាការដើម្បីចេញដីកាការពារទ្រព្យសម្បត្តិលី សាម៉េតដើម្បីទុកសងដល់អ្នកចាញ់បោកលី សាម៉េត។
២.អ្នកចាញ់បោកលី សាម៉េតទាំងអស់ដាក់ពាក្យប្តឹងឬទាមទារសំណងទៅកាន់មេធាវីសម្តេចតេជោ។
៣.ឯកឧត្តមគី តិចរៀបចំមេធាវីសម្តេចតេជោចាំទទួលពាក្យបណ្តឹងនិងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន។ ចំពោះរឿងមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់។
៤.ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើល លី សាម៉េត កុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់៕