អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបង្ហាញមហិច្ឆតាប្រែក្លាយកម្ពុជា ជាប្រទេសនាំចេញបន្លែទៅផ្គត់ផ្គង់ទីផ្សារនៅក្រៅប្រទេស កាត់បន្ថយការនាំចូលបន្លែមកពីប្រទេសជិតខាង ឱ្យសមនឹងឈ្មោះថាកម្ពុជា គឺជាប្រទេសកសិកម្ម។
ការប្រកាសប្ដេជ្ញាចិត្ដរបស់អ្នកឧកញ៉ា សួរ វីរៈ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ពិសេសជាមួយកម្មវិធី «សេដ្ឋីនិងជំនួញ» កាលពីពេលថ្មីៗនេះ។ អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថា ប្រទេសកម្ពុជាយើងមានភាពអំណោយផលគ្រប់បែបយ៉ាងទាំងសណ្ឋានដី អាកាសធាតុ និងប្រព័ន្ធធារាសាស្រ្ដ ដែលបង្ករឱកាសដល់បងប្អូនប្រជាពលរដ្ឋដាំដុះដំណាំ បន្លែ ផ្លែឈើផ្សេងៗផ្គត់ផ្គង់ទីផ្សារក្នុង និងក្រៅស្រុក។
ជាមួយនឹងភាពអំណោយផលលើផ្នែកអាកាសធាតុ និងសណ្ឋានដី អ្នកឧកញ៉ា សួរ វីរៈ បានសហការជាមួយក្រុមហ៊ុន យ៉ាម៉ាតុហ្រ្គីន ដាំដុះបន្លែដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់របស់ជប៉ុន ដើម្បីបំពេញតម្រូវការក្នុងស្រុក កាត់បន្ថយការនាំចូល និងអាចជួយដល់កសិករក្នុងការដាំបន្លែប្រកបដោយសុវត្តិភាព និងទិន្នផលខ្ពស់។
អ្នកឧកញ៉ា សង្កត់ធ្ងន់ផងដែរថា លោកនឹងប្រែក្លាយវិស័យកសិកម្មនៅកម្ពុជាឱ្យរីកចម្រើន និងកាត់បន្ថយការនាំចូលបន្លែពីប្រទេសគេឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន តាមរយៈការបណ្ដាក់ទុនវិនិយោគលើវិស័យនេះ ដោះស្រាយឧបសគ្គតូចៗដែលអ្នកវិនិយោគលើវិស័យកសិកម្មតែងជួបប្រទះ ដូចជា ភាពគ្មានទីផ្សារ និងការប្រកួតប្រជែងតម្លៃជាដើម។
ជាមួយនឹងបញ្ហានេះ ជំហាននៃការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា អ្នកឧកញ៉ា សួរ វីរៈ ក៏ទទួលបានការគាំទ្រនិងទទួលស្គាល់ពីក្រសួងពាណិជ្ជកម្មផងដែរ ដោយលោកជំទាវរដ្ឋមន្រ្ដី នឹងចូលខ្លួនធ្វើជាអាជ្ញាកណ្ដាល ចរចារដល់ផ្សារទំនើបផ្សេងៗនៅក្នុងស្រុកទិញបន្លែធម្មជាតិរបស់អ្នកឧកញ៉ា ទៅលក់ឱ្យបានកាន់តែច្រើនផងដែរ។
ភ្ជាប់ជាមួយនឹងការតាំងចិត្ដ អ្នកឧកញ៉ា សួរ វីរៈ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ គួរមានឆន្ទៈជាតិនិយមឱ្យបានខ្ពស់ ចូលរួមគាំទ្រផលិតផលរបស់ខ្មែរ បន្លែដែលដាំដុះធម្មជាតិរបស់ខ្មែរ ទោះបីមានតម្លៃខុសគ្នាបន្ដិចក៏ដោយ។
សូមជម្រាបជូនថា អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤បានចុះ MOU សហការគ្នាជាមួយ ក្រុមហ៊ុន យ៉ាម៉ាតុហ្រ្គីន ជាផ្លូវការ ដើម្បីជួយលើកកម្ពស់ទីផ្សារបន្លែធម្មជាតិរបស់ខ្មែរ និងរួមចំណែកលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា។
អ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្មបញ្ញើរឆាប់រហ័ស ឈានមុខគេនៅកម្ពុជា និងជាម្ចាស់រីសត ជាច្រើនកន្លែង រួមទាំង កោះស្តេចរីសត, កោះអភិជន រីសត, ភីដូម៉ា រីសត (Pidoma Resort) , ឧទ្យានបោះតង់គិរីរម្យ រំហើយ រីស៊ត, និងរំដួល រីស៊ត ព្រមទាំងរីសត ជាច្រើនកន្លែងទៀត៕