ក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្លួន អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំអេចប្រេស បានដឹកនាំថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន វីរៈ ប៊ុនថាំ បរិច្ចាគឈាមចែករំលែកក្តីស្រឡាញ់ជួយដល់សង្គម ជាលើកទី២ នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថា ការបរិច្ចាគឈាមជួយដល់ជីវិតមនុស្ស បានក្លាយជាវប្បធម៌សម្រាប់ក្រុមហ៊ុនវីរ:ប៊ុនថាំ។ អ្នកឧកញ៉ា សូមអរគុណចំពោះបុគ្គលិក និងបងប្អូន មិត្តភ័ក្រ្តទាំងអស់ដែលបានចូលរួមបរិច្ចាគឈាមនៅសាខាកណ្តាលវីរ:ប៊ុនថាំក្នុងថ្ងៃ៨ ខែតុលា ដែលទទួលបានឈាមចំនួន១៥៦ប្លោក។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកឧកញ៉ា សួរ វីរៈ ក៏បានដឹកនាំគ្រួសារវីរៈប៊ុនថាំ ចូលរួមបរិច្ចាគឈាម ក្រោមពាក្យស្លោក «បរិច្ចាគឈាម ដើម្បីផ្ដល់ក្ដីសង្ឃឹម និងជួយសង្រ្គោះជីវិត» នៅការិយាល័យកណ្ដាលក្រុមហ៊ុនផ្ទាល់ខ្លួន ដោយមានអ្នកចូលរួមបរិច្ចាគបាន ១៣៨នាក់។
សូមជម្រាបជូនផងដែរថា កន្លងមកអ្នកឧកញ៉ា សួរ វីរៈ តែងតែចូលរួមគ្រប់សកម្មភាពការងារមនុស្សធម៌ជានិច្ច ដូចជាការចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហម និងការនាំយកថវិកាបរិច្ចាគជួយដល់មន្ទីពេទ្យ គន្ធបុប្ផា ផងដែរ៕











