អ្នកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កំពត ផត និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំផែនការ «ផែចម្រុះ» នៅខេត្តតំបន់ឆ្នេរ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី លោក ម៉ឹង មករា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី, ឧកញ៉ា ហេង គឹមស៊រ ជាអគ្គនាយករង ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត ខេមបូឌា, អ្នកឧកញ៉ា វិញ ហួរ ម្ចាស់កំពង់ផែ ពហុបំណងកំពត ព្រមទាំងម្ចាស់អាជីវកម្មផែទេសចរណ៍ នៃខេត្តតំបន់ឆ្នេរមួយចំនួនទៀតផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា លោកចង់ឱ្យមានការចូលរួមរៀបចំផែរួមនេះ ជាផែចម្រុះ ទាំងផែទេសចរណ៍ ផែពាណិជ្ជកម្ម និងផែនេសាទ មិនមែនត្រឹមតែជាផែ តែជាការរៀបចំជាដង្ហើមសេដ្ឋកិច្ច សម្រាប់យើងទាំងអស់គ្នានៅក្នុងមូលដ្ឋាន។ យោងតាមស្មារតីនៃការឯកភាពគ្នាក្នុងកិច្ចប្រជុំនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានគណៈកម្មការឆ្នេរជាសេនាធិការ នឹងរៀបចំទស្សនាទានក្នុងការរៀបចំផែនការនេះ។
គួរបញ្ជាក់ថា ខេត្តតំបន់ឆ្នេរកម្ពុជា មានកំពង់ផែជាច្រើន រួមមានទាំងផែទេសចរណ៍ ផែពាណិជ្ជកម្ម និងផែនេសាទ។ ក្នុងនោះដែរ កំពង់ផែ ពហុបំណងកំពត របស់អ្នកឧកញ៉ា វិញ ហួរ ដែលជាកំពង់ផែទឹកជ្រៅមួយនៅខេត្តកំពត តម្លៃ ១៤០លានដុល្លារ បានសម្ពោធបើកឱ្យដំណើរការអាជីវកម្មជាផ្លូវការ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤៕