អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលពានរង្វាន់សមិទ្ធផលមួយជីវិត ប្រចាំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដែលអ្នកឧកញ៉ា បានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រ និងជំរុញធុរកិច្ចអាស៊ាន នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នារដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។ នេះបើតាមសភាពាណិជ្ជកម្មកម្ពុជា។

ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា រួមនិង គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួម កម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ២០២៤។
ពានរង្វាន់ធុរកិច្ចអាស៊ាន ធ្វើឡើងដើម្បីលើកទឹកចិត្តដល់អាជីវកម្មឆ្នើមប្រចាំអាស៊ាន និងឥស្សរជនឆ្នើមដែលបានរួមចំណែកដល់ការរីកចម្រើន និងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ាន។ ក្នុងឱកាសនេះផងដែរ អ្នកឧកញ៉ា គិត ម៉េង បានទទួលពានរង្វាន់សមិទ្ធផលមួយជីវិត ប្រចាំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដែលអ្នកឧកញ៉ា បានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រ និងជំរុញធុរកិច្ចអាស៊ាន នាពេលកន្លងមក។
សូមជម្រាបថា កម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ជាគំនិតផ្តួចផ្តើមដោយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន កាលពីឆ្នាំ២០០៧ និងបានប្រគល់ពានរង្វាន់ធុរកិច្ចអាស៊ានជូន អាជីវកម្មឆ្នើម រហូតដល់ ២៥០ ពានរង្វាន់៕







