ឧកញ៉ា ចាន់ សុឃាំង នឹងឡើងធ្វើជាវាគ្មិនក្នុងសន្និសីទអង្ករពិភពលោកអន្តរជាតិ នៅប្រទេសហ្វីលីពីន ដើមខែក្រោយ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ចាន់ សុឃាំង ប្រធាន​សហព័ន្ធស្រូវអង្ករកម្ពុជា នឹងអញ្ជើញ​ចូលរួម​ធ្វើជាវាគ្មិន​ក្នុង​កម្មវិធី​សន្និសីទអង្ករ​ពិភពលោកអន្តរជាតិ (2024 International World Rice Conference) នៅ​ទីក្រុង​ម៉ានីល ប្រទេសហ្វីលីពីន នៅ​ដើម​ខែ​វិច្ឆិកា ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សន្និសីទអង្ករ​ពិភពលោកអន្តរជាតិ ឆ្នាំ២០២៤ ជាព្រឹត្តិការណ៍​ដ៏​ធំ​មួយ នៅ​ប្រទេសហ្វីលីពីន ដែល​នឹង​ប្រារព្វ​ធ្វើ​ឡើង​រយៈពេល​៣ថ្ងៃ ចាប់ពី​ថ្ងៃទី៥ ដល់​ថ្ងៃទី៧ ខែវិច្ឆិកា។ កម្មវិធី​នេះ​ មាន​ការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវអន្តរជាតិ​ជា​ច្រើន ព្រមទាំង​មាន​វាគ្មិន​ជំនាញៗ​​មក​ពី​វិស័យ​ស្រូវអង្ករ​ជុំ​វិញ​ពិភពលោក​ជា​ច្រើន​រូប​ ឡើង​ធ្វើ​បទបង្ហាញ។ ទទឹម​នឹង​នេះ លោកឧកញ៉ា ចាន់ សុឃាំង នឹង​ឡើង​ធ្វើបទបង្ហាញ​មួយ​ទាក់ទង​នឹង​​ប្រធានបទ​ទស្សនវិស័យ​ទីផ្សារ​អាស៊ី​ខាងត្បូង និង​អាស៊ី​អាគ្នេយ៍ នៅ​ព្រឹក​ថ្ងៃទី៧ ខែវិច្ឆិកា បន្ទាប់ពី​វាគ្មិន​មក​ពី​ប្រទេសថៃ និង​មុន​វាគ្មិន​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា។

សូមជម្រាបថា ឧកញ៉ា ចាន់ សុឃាំង គឺជាប្រធាន​សហព័ន្ធស្រូវអង្ករកម្ពុជា និង​ជា​សហប្រធាន​ក្រុមការងារ “ឈ” “ផ្នែកស្រូវ-អង្ករ” តំណាងមកពី​វិស័យឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ លោក​ឧកញ៉ា ចាន់ សុឃាំង បាន​ជាប់ឆ្នោត​ជា​ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ ឆ្នាំ២០២៣-២០២៥ ​​ក្នុងការបោះឆ្នោត​ កាលពី​ថ្ងៃទី២៣ ខែ​វិច្ឆិកា ឆ្នាំ២០២២៕