នាព្រឹកថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា ហាន់ ឃាង អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជាចំនួន ៨រូប ចូលរួមក្នុង «ព្រឹត្តិការណ៍អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)» ដែលបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ។

កម្ពុជា បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដែលបានក្លាយជាសមាជិកទី១៤៨។ រយៈពេល២០ឆ្នាំមកនេះ កម្ពុជាទទួលបានផលប្រយោជន៍ដ៏ធំៗជាច្រើន ពាក់ព័ន្ធនឹងពាណិជ្ជកម្ម ដែលបានគាំទ្រដល់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល ដូចជា ទទួលបានភាព អនុគ្រោះបំផុត (Most-Favoured Nation – MFN)» ក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដូចសមាជិកទាំងអស់, ប្រព្រឹត្តកម្មពិសេស និងដោយឡែក (Special and Differential Treatment – SD&T) និង «ច្រកទីផ្សារ ដោយមិនជាប់ពន្ធគយ និងមិនជាប់កូតា (Duty-Free, Quota-Free – DFQF)» ក៏ដូចជាវិធានការអនុគ្រោះ មួយចំនួនទៀតផងដែរ។
សូមជម្រាបថា ក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក នាព្រឹកមិញនេះ សម្តេចបវរធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រសួងពាណិជ្ជកម្ម ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មាន សារ:សំខាន់ជាប្រវត្តិសាស្ត្រនេះ ដើម្បីឆ្លុះបញ្ចាំងនូវចក្ខុវិស័យ និង ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក និងដើម្បីរំលេចនូវសមិទ្ធផលនានា ដែលកើតចេញពីរបត់ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្ម សេដ្ឋកិច្ច ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការ WTO ជាស្នូល។ សម្តេច ក៏បានបន្ថែមផងដែរថា ទីផ្សារកម្ពុជាតូច បើមិនបើកពាណិជ្ជកម្មខាងក្រៅទេ នោះនឹងមានការលំបាក ដូច្នេះត្រូវតែបើកទ្វារស្វាគមន៍ទីផ្សារអន្ដរជាតិ៕








