លោក គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានបង្ហើបឱ្យដឹងថា គិតមកដល់ពេលនេះក្រុមមេធាវីរាជរដ្ឋាភិបាល បានទទួលជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋរងគ្រោះ ព្រមទាំងទទួលបានការប្រគល់សិទ្ធិពីប្រជាពលរដ្ឋ ក្នុងសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា ចំនួន ១៤លើកមកហើយ សរុបចំនួន ៤,៩២៩នាក់។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្នុងជំនួបលើកទី១៤ និងជាលើកចុងក្រោយ នៅទឹកដីខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ លោកទេសរដ្ឋមន្ដ្រី គី តិច បានលើកឡើងថា បន្ទាប់ពីទទួលបានសិទ្ធិប្រទានពីរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ក្រុមមេធាវីរាជរដ្ឋាភិបាល ដែលទទួលបន្ទុកការពារប្រជាពលរដ្ឋរងគ្រោះពាក់ព័ន្ធនឹងសំណុំរឿងក្រុមហ៊ុន ប្រ៊ីលានសីធី បានធ្វើជំនួបជាមួយប្រជាពលរដ្ឋរងគ្រោះ រហូតមកដល់ពេលនេះមានចំនួន ១៤លើក ដែលមានប្រជាពលរដ្ឋរងគ្រោះ និងស្ម័គ្រចិត្តប្រគល់សិទ្ធិជូនមេធាវីរាជរដ្ឋាភិបាល សរុបចំនួន ៤,៩២៩ រូប។
លោកទេសរដ្ឋមន្ដ្រី បានបន្តថា សម្រាប់ជំនួប១២លើកកន្លងមក គឺធ្វើឡើងនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរាជធានីភ្នំពេញ ក្នុងនោះប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់សិទ្ធិជូនមេធាវីរាជរដ្ឋាភិបាល មានចំនួន ៤,១១១ រូប។ ចំណែកឯ២លើកទៀត នាថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែតុលា នៅខេត្តសៀមរាប ទទួលជួបប្រជាពលរដ្ឋរងគ្រោះមកពីខេត្តជិតៗនេះចំនួន ៨១៨រូបទៀត។
លោកទេសរដ្ឋមន្ដ្រី គី តិច បានបញ្ជាក់ថា៖ “មូលហេតុដែលមានជំនួបផ្ទាល់រវាងក្រុមមេធាវីរាជរដ្ឋាភិបាល ជាមួយប្រជាពលរដ្ឋរងគ្រោះ គោលដៅសំខាន់គឺត្រូវមានការប្រគល់ទទួលសិទ្ធិ។ នេះជាការអនុវត្តច្បាប់ ដែលច្បាប់កំណត់ត្រូវតែមានការប្រគល់សិទ្ធិ ទើបមេធាវីអាចដំណើរការជួយការពារក្តីទៅតាមនីតិវិធីរបស់តុលាការបាន។ ម្យ៉ាងទៀត ក្នុងជំនួបនេះក៏ផ្តោតសំខាន់ទៅលើការប្រមូលយកឯកសារភស្តុតាងដែលប្រជាពលរដ្ឋ បានដាក់ទុនវិនិយោគជាមួយក្រុមហ៊ុន ហើយទទួលនូវការរងគ្រោះនេះ”។



គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចប្រគល់ភារកិច្ចជូនលោក គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋនៅក្នុងសំណុំរឿងគម្រោងអតីតឧកញ៉ា ឡេងចាន់ណា ខណៈសម្តេចក៏បានស្នើឱ្យមេធាវីរាជរដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ខិតខំការពារផលប្រយោជន៍ជូនពលរដ្ឋរងគ្រោះពីគម្រោងនេះផងដែរ។
គម្រោងវិនិយោគរបស់ក្រុមហ៊ុន ប្រ៊ីលានសីធី ត្រូវបានសមត្ថកិច្ចធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ រកឃើញថា ពុំមានលក្ខណៈដូចជាគម្រោងវិនិយោគអចលនទ្រព្យផ្សេងទៀត ដែលជាគម្រោងវិនិយោគពិតប្រាកដ ហើយជួបប្រឈមឧបសគ្គជាមួយនឹងបញ្ហានៃការធ្លាក់ចុះទីផ្សារនោះទេ ប៉ុន្តែផ្ទុយទៅវិញគម្រោងរបស់ក្រុម ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme ។
ផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតនេះ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងឈានទៅឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា ដើម្បីបញ្ជូនទៅតុលាការតាមនីតិវិធីជាធរមាន។
ជាមួយគ្នានោះ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ក៏បានធ្វើសំណើថ្វាយ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីបញ្ចប់ងារជាឧកញ៉ា របស់លោកស្រី ឡេង ចាន់ណា ដែលមានព្រះរាជក្រឹត្យចុះហត្ថលេខាដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤៕